(ចិន)៖ ការវិនិយោគដោយផ្ទាល់ពីបរទេសមកកាន់ចិនដីគោក មានចំនួន៧១,៦០០លានដុល្លារអាមេរិក ក្នុងរយៈពេល៧ខែដើមឆ្នាំនេះ កើនឡើង២.៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក ជូ ពីង អនុប្រធានមន្ទីររដ្ឋបាលវិនិយោគពីបរទេស នៃក្រសួងពាណិជ្ជកម្មចិន បានថ្លែងថា «ពីចន្លោះខែមករាដល់ខែកក្កដានេះ ចំនួនក្រុមហ៊ុនដែលវិនិយោគដោយបរទេសដែលបានបង្កើតថ្មីៗ បានកើនឡើង៩៩.១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មកត្រឹមចំនួន៣៥,២៣៩ក្រុមហ៊ុន។ ការវិនិយោគដោយផ្ទាល់ពីបរទេស ដែលត្រូវបានប្រើប្រាស់ពិតប្រាកដមានចំនួនជិត៧២,០០០លានដុល្លារអាមេរិក កើនឡើង២.៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន»

ការវិនិយោគមកក្នុងវិស័យឧស្សាហកម្មទំនើប បានកើនឡើង៧.៥ភាគរយ នឹងបានរួមចំណែកចំនួន២១.៥ភាគរយ នៃការវិនិយោគដោយផ្ទាល់ពីបរទេសសរុប។ ក្នុងនោះ ការវិនិយោគដោយផ្ទាល់ពីបរទេស ទៅក្នុងវិស័យផលិតកម្មបែបទំនើប បានកើនឡើង៣១ភាគរយ។

លោក ជូ ពីង អនុប្រធានមន្ទីររដ្ឋបាលវិនិយោគពីបរទេស នៃក្រសួងពាណិជ្ជកម្មចិន ថ្លែងថា «ក្នុងរយៈពេល៧ខែដើមឆ្នាំនេះ វិស័យផលិតកម្មទំនើប នៅតែបន្តរីកចម្រើនយ៉ាងឆាប់រហ័ស ប្រកបដោយរចនាសម្ព័ន្ធឧស្សាហកម្ម ដែលកាន់តែមានប្រសិទ្ធភាព។ ការវិនិយោគដោយផ្ទាល់ពីបរទេស ទៅក្នុងវិស័យផលិតកម្មរបស់ចិន មានចំនួនប្រហែល២២ពាន់លានដុល្លារអាមេរិក កើនឡើង៨.៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន»

តំបន់ពាណិជ្ជកម្មសេរីសាកល្បងទាំង១១របស់ចិន មានកំណើនវិនិយោគដោយផ្ទាល់ពីបរទេសចំនួន៣០ភាគរយ ដោយប្រាក់វិនិយោគមានចំនួន៩៥០០លានដុល្លារអាមេរិក និងមានក្រុមហ៊ុនដែលវិនិយោគដោយបរទេស ដែលត្រូវបានបង្កើតថ្មីៗចំនួន៥១៨៦ក្រុមហ៊ុន។

ការវិនិយោគពីបណ្តាប្រទេស ដែលចូលរួមក្នុងគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ចិន បានកើនឡើងជិត៣០ភាគរយ ខណៈដែលបណ្តាប្រទេសសំខាន់ៗផ្សេងទៀត ដែលវិនិយោគមកក្នុងប្រទេសចិន ក៏មានកំណើនល្អដែរ។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មចិន។

ប្រទេសចិនបានដាក់ចេញវិធានការមួយចំនួន ដើម្បីបើកចំហរទីផ្សាររបស់ចិនឱ្យកាន់តែខ្លាំង ចាប់តាំងពីដើមឆ្នាំ២០១៨ ជាឆ្នាំគំរប់ខួប៤០ឆ្នាំ នៃការអនុវត្តកំណែទម្រង់គោលនយោបាយ បើកចំហរទីផ្សាររបស់ចិន។

កាលពីចុងខែមិថុនាកន្លងទៅ ចិនបានបង្ហាញបញ្ជីហាមវិនិយោគ ដែលមានបំរាមតិចជាងមុនសម្រាប់ឱ្យក្រុមហ៊ុនបរទេសវិនិយោគ។ មុនពេលកាត់បន្ថយ បញ្ជីនេះមានមុខទំនិញចំនួន៦៣ប្រភេទ ដែលក្រុមហ៊ុនបរទេសមិនអាចវិនិយោគបាន។ ក្រោយពីកាត់បន្ថយរួច ទំនិញដែលក្រុមហ៊ុនបរទេសមិនអាចវិនិយោគបាន ធ្លាក់មកសល់ត្រឹមតែ៤៨ប្រភេទប៉ុណ្ណោះ។ បញ្ជីនេះក៏បានរៀបរាប់លម្អិតអំពីវិធានការផ្តល់សេរីភាពចំនួន២២វិធានការផងដែរ សម្រាប់វិស័យមួយចំនួន៕ (សារព័ត៌មាន CCTV របស់ចិន)