(ម៉ូស្គូ)៖ ទីក្រុងម៉ូស្គូនិងទីក្រុងញូដេលី កំពុងបន្តពិភាក្សាគ្នាដដែលជុំវិញគម្រោងអភិវឌ្ឍន៍​​យន្តហោះចម្បាំងជំនាន់​ថ្មី ខណៈនាពេលកន្លង​មកមានសេចក្តីរាយការណ៍ព័ត៌មានថា ឥណ្ឌាបានដកខ្លួនចេញពីគម្រោង​នេះ។ នេះបើតាម​ប្រធាន​សហគ្រាស​ផលិត​យន្តហោះនិង​សព្វា​វុធ​រុស្ស៊ី UAC ដកស្រង់សម្តីដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨។

នាពេលកន្លងទៅនេះ​ ​​ទីក្រុងម៉ូស្គូក៏បានបញ្ជាក់ផងដែរថា ខ្លួនពុំទទួលបានការជូនដំណឹងណាមួយ​​ពីភាគីឥណ្ឌា ជុំវិញ​ការ​ដក​ខ្លួន​ចេញ​របស់ទីក្រុងញូដេលី ​ពី​គម្រោងអភិវឌ្ឍន៍យន្តហោះចម្បាំងជំនាន់ថ្មីឡើយ ទោះបីជាមានសេចក្តីរាយការណ៍ព័ត៌មានថា ឥណ្ឌាមាន​ចេតនាចង់ដើរចេញពីគម្រោងប្រកបដោយមហិច្ឆតានេះយ៉ាងណាក្តី។

គួរជម្រាបថា នៅ​ក្រោមគម្រោងខាងលើរវាង​រុស្ស៊ីនិងឥណ្ឌា ភាគីទាំងពីរនឹងត្រូវបោះទុកវិនិយោគម្ខាង​​០៤ពាន់លានដុល្លារ នៅក្នុង​ដំណាក់កាលអភិវឌ្ឍន៍ ខណៈការចំណាយសរុបសម្រាប់ការផលិតយន្តហោះចម្បាំងជំនាន់ថ្មី​ចំនួន១២៧គ្រឿង អាចនឹងត្រូវការ​២៥ពាន់លានដុល្លារ។ ក្នុងគម្រោងនេះអ្នកតំណាងឲ្យរុស្ស៊ីគឺក្រុមហ៊ុន Sukhoi និងអ្នកតំណាងឥណ្ឌាគឺក្រុមហ៊ុន Hindustan Aeronautics៕