(ហ្សាការតា)៖ គ្រោះរញ្ជួយដី​ចំនួនពីរលើកកាលពីថ្ងៃអាទិត្យម្សិលមិញ ដែលបានអង្រួនកោះទេសចរណ៍ លុមបុក (Lombok) ភាគ​កណ្តាលឥណ្ឌូណេស៊ី បានផ្តាច់ជីវិតមនុស្សយ៉ាងតិច០៥នាក់ និង៤០នាក់របួស ហើយវាក៏បានបង្កឲ្យមានការភ័យតក់ស្លុតជាថ្មីម្តងទៀតផងដែរ។ នេះបើតាមការដកស្រង់​ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨។

​កាលពីអំឡុងថ្ងៃអាទិត្យម្សិលមិញ គ្រោះរញ្ជួយដីជាបន្តបន្ទាប់បានវាយប្រហារ ភាគកណ្តាល​ប្រទេស​ឥណ្ឌូណេស៊ី ​ដោយ​​​រញ្ជួយ​ដី​ទីមួយ​មានកម្រិត​៦.៣រ៉ិចទ័រ បានកើតមានមុនវេលាថ្ងៃត្រង់ និងបង្កឲ្យមានការរអិលបាក់។ ក្រោយមកនាវេលាយប់វិញ រញ្ជួយដី​មួយ​ទៀត​​មាន​កម្រិត​៦.៩រ៉ិចទ័រ ​ក៏បានកើតឡើងថែមទៀត និងបានសម្លាប់មនុស្ស០៥នាក់។

គួរជម្រាបថា កោះលុមបុក ទើបតែបានរងគ្រោះក្នុងហេតុការណ៍​រញ្ជួយដីដ៏ប្រល័យចំនួនពីរលើកហើយប៉ុណ្ណោះ គឺកាលពីថ្ងៃទី២៩ ខែកក្កដា និងថ្ងៃទី០៥ ខែសីហា ដែលបានផ្តាច់ជីវិតមនុស្សសរុប​ជិត៥០០នាក់ និងធ្វើឲ្យ​មនុស្សរាប់សែននាក់ទៀត បាត់បង់ផ្ទះសម្បែង​៕