(ម៉ូស្គូ)៖ ឧទ្ធម្ភាគចក្រយោធាធុន Mi-26T2V ដែលអភិវឌ្ឍន៍ឡើងសម្រាប់កងទ័ពអាកាស​នៃប្រទេសរុស្ស៊ី បានធ្វើការហោះហើរ​តេស្ត​ជា​លើកដំបូង ក្រោយពីត្រូវបានដំឡើងសមត្ថភាពហើយថ្មីៗ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨។

ឧទ្ធម្ភាគចក្រខាងលើ ដែលផលិតឡើងដោយ​ក្រុមហ៊ុនរ៉ូស្វឺតុល (Rosvertol) នឹងត្រូវដាក់តាំងបង្ហាញនាពេលឆាប់ៗ ក្នុងពិព័រណ៌​​យោធា​​​និងបច្ចេកទេសអន្តរជាតិឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅក្នុងទីក្រុងម៉ូស្គូ ចាប់ពីថ្ងៃទី២១ដល់ទី២៦។ ឧទ្ធម្ភាគចក្រនេះ នឹងត្រូវប្រគល់​ជូន​​ទៅកាន់យោធារុស្ស៊ី នៅ​ក្រោមកម្មវិធីផ្គត់ផ្គង់សព្វាវុធរបស់រដ្ឋ សម្រាប់ឆ្នាំ២០១៨ដល់ឆ្នាំ២០២៧។

គួរជម្រាបថា ឧទ្ធម្ភាគចក្រ Mi-26T2V ដែលទើបត្រូវបានបង្កើនសមត្ថភាពនេះ អាចសន្តោង​ឥវ៉ាន់ធ្ងន់ៗ និងដឹកជញ្ជូនកងទ័ព​បានយ៉ាង​មានប្រសិទ្ធភាព ហើយវាក៏មានលទ្ធភាពការពារខ្លួនប្រឆាំងនឹងគ្រាប់មីស៊ីលជាច្រើនប្រភេទផងដែរ៕