(​វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បាននិយាយថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង ជាលើកទី០៤ក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CGTN​ នៅថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨។

លោក Bolton​ ថ្លែងបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ ABC កាលពីថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់)។ លោក Bolton បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំគិតថាលោករដ្ឋមន្ត្រីការបរទេស Pompeo នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេស កូរ៉េខាងជើងជាលើកទី០៤ក្នុងពេលឆាប់ៗនេះ...ហើយខ្ញុំក៏គិតដែរថាកាលបរិច្ឆេកនៃដំណើរទស្សនកិច្ចនេះនឹងត្រូវបានប្រកាសនៅ ពេលវេលាសាកសមណាមួយដោយក្រសួងការបរទេសអាមេរិក»

គួរបញ្ជាក់ថា លោក Mike Pompeo បានបំពេញ​ដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង​ចំនួន០៣លើក រួចមកហើយ កាលពីខែមេសា ឧសភា និងខែកក្កដាកន្លងទៅ ចាប់តាំងពីលោកឡើងកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាមេរិក កាលពីខែមេសា ឆ្នាំ២០១៨នេះមក៕