(ញូដេលី)៖ ចំនួនមនុស្សស្លាប់ដោយគ្រោះទឹកជំនន់នៅរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា បានកើនដល់៣៥៧នាក់ ខណៈ​ប្រតិបត្តិ​ការរុករកនិងជួយសង្រ្គោះ កំពុងប្រព្រឹត្តទៅយ៉ាងសកម្មជាទីបំផុត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអាទិត្យ ទី១៩ ខែសីហា ឆ្នាំ២០១៨។

ក្រៅពីមនុស្សបាត់បង់ជីវិត ប្រជាជនឥណ្ឌា​ជិត២៥០,០០០នាក់ ត្រូវបានជម្លៀសទៅកាន់ជំរុំស្នាក់នៅបណ្តោះអាសន្នជាង១,៥០០​កន្លែង​ ដែលត្រូវបានរៀបចំឡើងនៅទូទាំងរដ្ឋ ខណៈ​មនុស្សជាច្រើននាក់ ថែមទៀត កំពុងត្រូវជួយសង្រ្គោះចេញពីលំនៅឋានលិចទឹករបស់​ពួកគេ។

ជាមួយគ្នានេះ កងកម្លាំងទាំងជើងគោក ជើងទឹក និងជើងអាកាស នៃប្រទេសឥណ្ឌា ត្រូវបានបង្គាប់​ឲ្យចូលរួម​​សង្រ្គោះ​ជីវិតប្រជាជន ​នៅរដ្ឋ Kerala ដែលកំពុងប្រឈមនឹង​គ្រោះមហន្តរាយទឹកជំនន់ដ៏អាក្រក់បំផុត​ប្រចាំសតវត្សរ៍ ក្នុងនោះមានការប្រើប្រាស់ឧទ្ធម្ភាគចក្រ​៦៧គ្រឿង យន្តហោះ២៤គ្រឿង កាណូត​​​៥៤៨គ្រឿង ព្រមទាំង​កងទ័ពរាប់ពាន់នាក់។

គួរជម្រាបថា ​ក្នុងអំឡុងនៃការធ្វើទស្សនិច្ចទៅកាន់រដ្ឋខាងលើ និងសួរសុខទុក្ខជនរងគ្រោះ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi ក៏បានប្រកាសទម្លាក់កញ្ចប់ថវិកាជំនួយ​ប្រមាណ៧៥លានដុល្លារភ្លាមៗ បន្ថែមពីលើថវិការបស់រដ្ឋាភិបាល​កណ្តាល​ចំនួន១៥លានដុល្លារ​ ដើម្បីជួយដល់រដ្ឋ Kerala ផងដែរ៕