(ហ្សាការតា)៖ គ្រោះរញ្ជួយដីកម្រិត​៦.៣រ៉ិចទ័រ បានវាយប្រហារលើកោះលុមបុក ដែលស្ថិតនៅភាគកណ្តាល នៃប្រទេសឥណ្ឌូណេស៊ី​ជា​ថ្មី​ម្តង​ទៀត នាថ្ងៃអាទិត្យនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានអង់គ្លេស BBC នៅថ្ងៃអាទិត្យ ទី១៩ ខែសីហា ឆ្នាំ​២០១៨។

គ្រោះរញ្ជួយដីថ្មីខាងលើ បានកើតឡើងនៅជម្រៅដ៏រាក់គឺត្រឹម៧.៩គីឡូម៉ែត្រប៉ុណ្ណោះ ក្រោមផ្ទៃដី ដែលជាហេតុអាចឲ្យ​​ហេតុការណ៍នេះ បង្កការបំផ្លិចបំផ្លាញឬគ្រោះថ្នាក់ធ្ងន់ធ្ងរបាន។ អ្វីដែលគួរឲ្យ​កត់​សម្គាល់​នោះគឺថា កោះ​ភាគ​កណ្តាល​ឥណ្ឌូ​ណេ​ស៊ីមួយ​នេះ ទើបតែបាន​ទទួល​រង​ការ​វាយ​ប្រហារដោយរញ្ជួយដីជាប់ៗគ្នា ដែល​បាន​ផ្តាច់ជីវិតមនុស្សសរុបខ្ទង់រយនាក់។

គួរជម្រាបថា ចាប់តាំងតែពីថ្ងៃទី០៥ ខែសីហា ​អ្នកទេសចររាប់ពាន់នាក់ បានធ្វើដំណើរចាកចេញពី​កោះ​លុមបុក (Lombok) ដោយបារម្ភ​​​ថា ការញ័ររញ្ជួយនឹងកើតមានឡើងបន្តបន្ទាប់ទៀត។ ​មូលហេតុដែលបណ្តាលឲ្យ​ឥណ្ឌូណេស៊ី រងគ្រោះរញ្ជួយដីញឹកញាប់បែបនេះ គឺ​ដោយសារតែ ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ ស្ថិតនៅចំពីលើតំបន់ខ្សែក្រវាត់ភ្នំភ្លើង​​​ហ៊ុមព័ទ្ធជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក ដែលគេ​ហៅ​ថា The Pacific Ring of Fire៕​