(ញូដេលី)៖ យោធាឥណ្ឌា កំពុងបង្កើនប្រតិបត្តិការជួយសង្រ្គោះមនុស្សជាង១០,០០០នាក់ ដែលកំពុងជាប់គាំងដោយសារទឹកជំនន់ នៅក្នុងរដ្ឋ Kerala​ នៃភាគខាងត្បូងប្រទេសឥណ្ឌា ខណៈចំនួនអ្នកស្លាប់ត្រូវបានអាជ្ញាធរទទួលស្គាល់ថាបានកើនដល់ ៣២៤នាក់ និងមនុស្សច្រើនជាង ២០០,០០០ នាក់គ្មានផ្ទះសម្បែងស្នាក់នៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC ​នៅថ្ងៃសៅរ៍ ទី១៨ ខែសីហា ឆ្នាំ២០១៨។

រដ្ឋាភិបាលឥណ្ឌា បានសម្រេចចិត្តបញ្ជូនយោធារបស់ខ្លួនរាប់រយនាក់ ឱ្យចូលរួមជាមួយក្រុមអ្នកជួយសង្រ្គោះក្នុងប្រតិបត្តិការជួយ សង្រ្គោះដោយមានការគាំទ្រពីទូក និងឧទ្ធម្ភាគចក្ររាប់សិបគ្រឿង ដែលបាននិងកំពុងជម្លៀសមនុស្ស ដែលកំពុងជាប់គាំងដោយ សារទឹកជំនន់ទៅកាន់ទីទួលមានសុវត្ថិភាព។ ប៉ុន្តែទនឹ្ទមគ្នា អាជ្ញាធរឧតុនិយមឥណ្ឌា ក៏បានព្យាករផងដែរថាខ្យល់បក់ និងភ្លៀងអាច នឹងបន្តធ្លាក់ខ្លាំងនៅថ្ងៃសៅរ៍ និងនៅថ្ងៃអាទិត្យស្អែកនេះ។

គួរបញ្ជាក់ថា បច្ចុប្បន្ន នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី កំពុងស្ថិតក្នុងរដ្ឋ Kerala ដើម្បីចុះត្រួតពិនិត្យដោយផ្ទាល់លើ ការខូចខាតដែលបង្កឡើងដោយគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេលជិត១០០ឆ្នាំមកនេះ។ លោក ម៉ូឌី បានធ្វើដំណើរទៅ ដល់​រដ្ឋ Kerala កាលពីថ្ងៃសុក្រ ហើយលោកនឹងត្រូវបន្តដំណើរទៅកាន់តំបន់រងគ្រោះនៅថ្ងៃសៅរ៍នេះ៕