​(UN)​៖ របាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិ​ បានឱ្យដឹងថា ក្រុម ISIS បានចូលគ្រប់គ្រងតំបន់ប្រេងមួយចំនួននៅក្នុង ប្រទេសស៊ីរីសាជាថ្មី ហើយបាននិងកំពុងទាញផលប្រយោជន៍ពីការលក់ប្រេងទាំងនេះ ដើម្បីស្ដារឥទ្ធិពលរបស់ខ្លួនឡើងវិញ 

បន្ទាប់ពីបានបរាជ័យនៅស៊ីរី និងអ៊ីរ៉ាក់កាលពីឆ្នាំ២០១៧។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today​ នៅថ្ងៃសៅរ៍ ទី១៨ ខែសីហា ឆ្នាំ២០១៨។

របាយការណ៍ខាងលើចុះថ្ងៃទី២៧ ខែកក្កដា ប៉ុន្តែទើបតែត្រូវចេញផ្សាយជាសាធារណៈនៅក្នុងសប្ដាហ៍នេះ បានបញ្ជាក់ដូច្នេះថា៖« ក្រុម ISIS កំពុងទាញប្រយោជន៍ពីការលក់ប្រេងនៅក្នុងតំបន់មួយចំនួនដែលខ្លួនកំពុងគ្រប់គ្រង នៅភាគឦសាន ប្រទេសស៊ីរី ក៏ដូចជារៀបចំផែនការវាយប្រហារជាច្រើន ក្នុងនោះរួមមានទាំងការឆ្លងព្រំដែនចូលទៅក្នុងប្រទេសអ៊ីរ៉ាក់»។ បន្ថែមពីលើនេះ របាយការណ៍ដដែល ក៏បានអះអាងផងដែរថា ក្រៅតែពីការរកប្រាក់ចំណូលតាមរយៈការលក់ប្រេង ក្រុម ISIS បានបង្ខំឱ្យប្រជាជន នៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រងបង់ពន្ធ ព្រមទាំងដើរចាប់ជំរិតអ្នកជំនួញនៅក្នុងតំបន់ ដើម្បីជំរិតទារប្រាក់ទៀតផង។

ប៉ុន្តែ អ្វីដែលគួរឱ្យកត់សម្គាល់ បើទោះជារបាយការណ៍នេះមិនបានប្រាប់ចំឈ្មោះថាកងកម្លាំងមួយណា កំពុងប្រឈមមុខនឹងបញ្ហា នេះក៏ដោយ តែគេដឹងយ៉ាងច្បាស់ថា តំបន់ប្រេងស្ថិតនៅតាមបណ្ដោយច្រាំងទន្លេ Euphrates ភាគឦសាននៃប្រទេសស៊ីរី កំពុង ស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងប្រជាធិបតេយ្យស៊ីរី (​SDF)​ ដែលមានសហរដ្ឋអាមេរិកគាំទ្រនៅពីក្រោយ៕