(​វ៉ាស៊ីនតោន)៖ រដ្ឋអាជ្ញាពិសេសអាមេរិក លោក Robert Mueller ដែលកំពុងស៊ើបអង្កេតលើទំនាក់ទំនងរវាងលោក ដូណាល់ ត្រំា និងរុស្ស៊ី​បានស្នើឱ្យមានការដាក់ទោសជាប់ពន្ធនាគារ០៦ខែ លើអតីតមនុស្សជំនិតម្នាក់របស់ប្រធានាធិបតីអាមេរិករូបនេះ។ នេះ បើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសៅរ៍ ទី១៨ ខែសីហា ឆ្នាំ២០១៨។

លោក George Papadopoulos ដែលធ្លាប់ជាអតីតទីប្រឹក្សានយោបាយការបរទេសរបស់លោក ដូណាល់ ត្រាំ បានសារភាពពី ទោសកំហុសពាក់ព័ន្ធនឹងការភូតកុហុក FBI ​កាលពីខែតុលា ឆ្នាំ២០១៧។ មិនតែប៉ុណ្ណោះ លោក Papadopoulos ថែមទាំងបាន អះអាងទៀតថាធ្លាប់បានទាក់ទងជាមួយនឹងសាស្ត្រាចារ្យបរទេសម្នាក់ ដែលគេជឿជាក់ថាមានទំនាក់ទំនងពិសេសជាមួយក្រុមមន្ត្រី រុស្ស៊ី ហើយក៏ជាមនុស្សម្នាក់ដែលបានប្រាប់លោកថា រុស្ស៊ីមានព័ត៌មានមិនល្អរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន។

តែទោះជាយ៉ាងក្ដីមកទល់នឹងពេលនេះ រដ្ឋអាជ្ញាពិសេសអាមេរិក លោក Mueller មិនទាន់បានបង្ហាញភស្ដុតាងជាក់លាក់ផ្លូវការ ណាមួយបញ្ជាក់ថាលោកត្រាំ ពិតជាមានទំនាក់ទំនងជាមួយនឹងរុស្ស៊ីនៅឡើយទេ ខណៈលោកត្រាំ បានរិះគន់យ៉ាងខ្លាំងលើការ
ស៊ើបអង្កេតនេះថាមានភាពលម្អៀងនយោបាយ និងគួរតែត្រូវបានបិទបញ្ចប់៕

ចំណែកឯ សាស្ត្រាចារ្យដែលត្រូវបានគេចោទថាបាន ទាក់ទងជាមួយលោក Papadopoulos ឈ្នោះ J​oseph Misfud ក៏បាន បដិសេធពីទំនាក់ទំនងជាមួយមន្ត្រីរដ្ឋាភិបាលរុស្ស៊ីផងដែរ៕