(ប៉េកាំង)៖ រដ្ឋាភិបាលចិននឹងបន្តធ្វើកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរបស់ខ្លួនជាមួយអ៊ីរ៉ង់ បើទោះជាលោកប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ បានព្រមានដាក់ទណ្ឌកម្មលើក្រុមហ៊ុន ឬបណ្ដាប្រទេសទាំងឡាយណាដែលបន្តធ្វើពាណិជ្ជកម្មជាមួយ ទីក្រុងតេហរ៉ង់ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសៅរ៍ ទី១៨ ខែសីហា ឆ្នាំ២០១៨។

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើសេចក្ដីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បន្ទាប់ពីបានពិភាក្សាការងារតាមទូរស័ព្ទជាមួយសមភាគីអ៊ីរ៉ង់ លោក Mohammad Javad Zarif នាពេលថ្មីៗនេះ។ សេចក្ដីថ្លែងការណ៍ដដែល បានគូសបញ្ជាក់ដូច្នេះថា៖«កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ គឺជាផលប្រយោជន៍រួមរបស់ សហគមន៍អន្តរជាតិទាំងមូល...ដូច្នេះចិននឹងបន្តធ្វើកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរបស់ខ្លួនជាមួយអ៊ីរ៉ង់ ហើយនៅតែប្រឆាំង ជានិច្ចនឹងការអនុវត្តទណ្ឌកម្មឯកតោភាគី»។

គួរបញ្ជាក់ថា ចិនមានទំនាក់ទំនងពាណិជ្ជកម្មយ៉ាងជិតស្និទជាមួយអ៊ីរ៉ង់ ជាពិសេសនៅក្នុងវិស័យថាមពល។ ប៉ុន្តែ លោក ដូណាល់ ត្រាំ ក្រោយប្រកាសដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ បានប្រកាសថានឹងដាក់ទណ្ឌកម្មលើក្រុមហ៊ុន និងបណ្ដាប្រទេសទាំងឡាយណាដែលបន្តធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ខណៈភាគីជាហត្ថលេខីដទៃទៀតមាន ចិន រុស្ស៊ី អង់គ្លេស បារាំង និងអាល្លឺម៉ង់ សុទ្ធតែជំទាស់នឹងការដកខ្លួនរបស់ទីក្រុងវ៉ាស៊ីនតោន៕