(ផ្លូរីដា)៖ ប៉ូលិសអាមេរិកបានឱ្យដឹងថា សិស្សសាលាពីរនាក់​បានរងរបួសនៅក្នុង​ហេតុការណ៍បាញ់​ប្រហារមួយ ដែលបាន​កើតឡើង​នៅអំឡុងពេលការប្រកួតកីឡា​បាល់ទាត់ នៅឯវិទ្យាល័យ​មួយកន្លែងនៅក្នុង​រដ្ឋផ្លូរីដា នៅថ្ងៃសុក្រ​សប្ដាហ៍នេះ (ម៉ោងនៅភាគខាងត្បូង​អាមេរិក)។ នេះបើតាម​ការចេញផ្សាយដោយ​​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែសីហា ឆ្នាំ២០១៨។

យោងតាមប៉ូលិស​អាមេរិក ហេតុការណ៍ផ្ទុះអាវុធខាង​លើបានកើតឡើង នៅអំឡុងពេល​ការប្រកួតកីឡាបាល់ទាត់រវាងវិទ្យាល័យ ផាមប៊ីចសេនត្រា (Palm Beach Centra) និងវិទ្យាល័យ​ឌីវ៉ាយឺ (Dwyer High School)។
គួរបញ្ជាក់​តាមសម្តីមន្ត្រី​ប៉ូលិសក្នុងតំបន់ទៀតថា ការបាញ់ប្រហារនេះ​បានផ្ទុះឡើង ក្រោយក្មេងសិស្ស​សាលាមួយក្រុមវាយ​តប់គ្នា។ ប៉ុន្តែភ្លាមៗ គេមិនទាន់ដឹង​ពីស្ថានភាពរបស់សិស្ស​សាលា ដែលបានរងរបួសទាំងពីរ​នាក់នៅ​ឡើយទេ ខណៈពួក​គេកំពុងទទួល​ការព្យាបាលនៅ​មន្ទីរពេទ្យ៕