(ចិន)៖ នៅពេលដែលប្រទេសចិន ចង់អភិវឌ្ឍប្រព័ន្ធទំនាក់ទំនង និងហេដ្ឋារចនាសម្ព័ន្ធជាមួយប្រទេសជាដៃគូពាណិជ្ជកម្មទាំងឡាយ ដែលស្ថិតនៅក្នុងគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយ ចំណងមិត្តភាពរវាងប្រជាជនចិន និងប្រជាជនវៀតណាម ដែលរស់នៅក្បែរព្រំដែននាក្រុងហ័រខូវ ខេត្តយុនណាន ក៏កំពុងមានភាពល្អប្រសើរជាលំដាប់។

ជារៀងរាល់ថ្ងៃ កសិករមកពីខេត្តឡាវខាយ ប្រទេសវៀតណាម តែងតែស្ពាយបន្លែមកលក់ឱ្យពលរដ្ឋដែលរស់នៅក្នុងតំបន់ស្វយ័ត ហ័រខូវ យ៉ាវ នាខេត្តយុនណាន ប្រទេសចិន។

ឆ្នាំនេះ ស្ថានីយ៍ត្រួតពិនិត្យគយនិងទំនិញ ត្រូវបានដាក់បញ្ចូលគ្នាក្នុងកន្លែងតែមួយ ដែលនាំឱ្យដំណើរការត្រួតពិនិត្យកាន់តែឆាប់រហ័សជាងមុន។ ដោយការត្រួតពិនិត្យគយកាន់តែងាយស្រួល កសិករវៀតណាមកាន់តែច្រើនឡើងៗ កំពុងនាំគ្នាយកទំនិញមកលក់នៅប្រទេសចិន។

នៅឯផ្សារបន្លែហ័រខូវ មានតូបរាប់សិបកន្លែងដែលត្រូវបានផ្តល់ ជូនជាពិសេសសម្រាប់កសិករវៀតណាមតែម្តង។

កញ្ញា ហ័ង អ្នកលក់បន្លែម្នាក់និយាយថា «ផ្លូវនេះ គឺសម្រាប់ឱ្យកសិករវៀតណាមលក់បន្លែ។ យើងមានដាំបន្លែតិចតួចណាស់នៅត្រើយទន្លេក្រហម ដូច្នេះយើងត្រូវទិញបន្លែពីពួកគាត់អញ្ជឹងហើយ»

នៅឯក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចចិនមួយ មានបុគ្គលិកជនជាតិវៀតណាមជាង៣០០នាក់កំពុងធ្វើការនៅក្នុងតំបន់សហប្រតិបត្តិការ ឡាវខាយ-ហ័រខូវ ដែលត្រូវបានបង្កើតឡើងកាលពីពេលថ្មីៗនេះ។

កញ្ញា ហ័ង ញរញូរ បានរៀនភាសាចិននៅពេលដែលគាត់ធ្វើ ការនៅភោជនីយដ្ឋានមួយក្នុងប្រទេសចិន។ បទពិសោធន៍នេះ ធ្វើឱ្យគាត់សម្រេចចិត្តត្រលប់ទៅរៀន នៅប្រទេសវៀតណាមវិញ ដើម្បីត្រលប់មកស្វែងរកការងារដែលល្អជាងមុន នៅប្រទេសចិន ក្រោយពីរៀនចប់។

កញ្ញា ហ័ង ញរញូរ បុគ្គលិកជនជាតិវៀតណាម បានិយាយថា «ពួកយើងរស់នៅក្បែរប្រទេសចិន។ ហើយខ្ញុំក៏ចាប់អារម្មណ៍នឹងប្រទេសចិនដែរ។ ខ្ញុំចង់មកមើលប្រទេសចិន ដើម្បីឱ្យដឹងថា ហេតុអីបានជាប្រទេសចិនអាចអភិវឌ្ឍប្រទេសជាតិបានលឿនបែបនេះ»

សព្វថ្ងៃ ហ័ង កំពុងធ្វើការជាលេខា។ គាត់ធ្វើការនៅទីនេះបានបួនខែមកហើយ ហើយក៏បានទម្លាប់ខ្លួនទៅនឹងការរស់នៅក្នុងប្រទេសចិនហើយដែរ។

កញ្ញា ហ័ង ញរញូរ បន្ថែមទៀតថា «ខ្ញុំយល់ថាធ្វើការនៅទីនេះ ក៏ល្អដែរ។ ប្រធានក្រុមនៅទីនេះ ចិត្តល្អហើយបង្ហាត់បង្រៀនពួកយើងយ៉ាងប្រុងប្រយ័ត្នតែម្តង»

ហ័ង ក៏បានលើកទឹកចិត្តឱ្យប្អូនប្រុសរបស់គាត់ មកធ្វើការជាមួយគាត់នៅប្រទេសចិនដែរ។

ក្នុងឆ្នាំ២០១៤ ស្ថានីយ៍រថភ្លើងហ័រខូវខាងជើង បានចាប់ផ្តើមដំណើរការ ដែលកំពុងជួយលើកស្ទួយមួយកម្រិតទៀត ដល់លំហូរពាណិជ្ជកម្មរវាង ប្រទេសចិននិងវៀតណាម។

លោក ទាន់ យូ អ្នកគ្រប់គ្រងផ្លូវរថភ្លើង ប្រចាំស្ថានីយ៍រថភ្លើងហ័រខូវខាងជើង បាននិយាយថា «កាលពីមុន ការដឹកជញ្ជូននៅទីនេះ ប្រើឡានសម្រាប់ដឹក ហើយយើងត្រូវចំណាយប្រាក់ច្រើន។ តែសព្វថ្ងៃ ដោយមានគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយនេះ យើងមានស្ថានីយ៍រថភ្លើងមួយសម្រាប់ដឹកទំនិញនាំចេញនាំចូល។ វាលឿនជាងមុន មានសុវត្ថិភាពជាងមុន ហើយក៏ស្រួលជាងមុនដែរ។ ការចំណាយក៏មិនសូវច្រើនដូចមុន។ វាក៏បំពុលបរិស្ថានតិចជាងមុន ដោយសារយើងប្រើអគ្គីសនីជំនួសឱ្យប្រេងវិញ»

នៅស្ថានីយ៍រថភ្លើងនេះ ឧបករណ៍ក្មេងលេង ជីគីមី ដែក និងផ្លែឈើដែលដាំនៅតំបន់ក្តៅល្មមនៅប្រទេសចិន ត្រូវបានដឹកជញ្ជូនមកលក់នៅវៀតណាម ឯផ្លែឈើតំបន់ត្រូពិច បន្ទះក្តា និងទំនិញផ្សេងទៀតដែលយកពីវៀតណាម នឹងមកដល់ទីនេះ មុនពេលដែលគេដឹកវាយកទៅចែកចាយ ទូទាំងប្រទេសចិន៕ (សារព័ត៌មាន CCTV របស់ចិន)