(ប៉េកាំង)៖ ថ្មីៗនេះនាវាផ្ទុកសណ្តែកសៀងសហរដ្ឋអាមេរិកប្រមាណ៧០.០០០តោន បានទាក់ទាញការចាប់អារម្មណ៍ពីអន្តរជាតិជាខ្លាំង នៅពេលដែលនាវានេះបានមកដល់ឆ្នេរសមុទ្រប្រទេសចិន ក្នុងត្រឹមរយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីប្រទេសចិន បានសម្រេចយកពន្ធនាំចូល ២៥ភាគរយលើទំនិញដែលមានតម្លៃ៣៤ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះបូករួមទាំងការនាំចូលសណ្តែកសៀងផងដែរ។

នាវានេះបានធ្វើដំណើរតាមបណ្ដោយក្បែរឆ្នេរសមុទ្រនៃប្រទេសចិន អស់រយៈពេលមួយខែមកហើយ នៅទីបំផុតវាបានចូលចតនៅកំពង់ផែ Dalian។ កាសែត The Guardian បាននិយាយថានាវានេះ គឺជាជនរងគ្រោះក្នុងសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាម៉េរិក។

លោកបណ្ឌិត John Gong សាស្រ្តាចារ្យប្រចាំនៅសកលវិទ្យាល័យអន្ដរជាតិពាណិជ្ជកម្ម និងសេដ្ឋកិច្ច បាននិយាយថា «សណ្តែកសៀងអាមេរិក គឺជាផលិតផលដ៏ល្អមួយ ប៉ុន្តែបែរជាក្លាយទៅជាជនរងគ្រោះនៃសង្គ្រាមពាណិជ្ជកម្ម និងការដំឡើងពន្ធរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ទៅវិញ វាជារឿងអកុសលជាខ្លាំង» មិនតែប៉ុណ្ណោះលោកបានចាត់ទុកស្ថានភាពនេះជាហ្គេមចាញ់-ចាញ់។

យ៉ាងនេះក្តីក្នុងសង្គ្រាមនេះ អាចចាត់ទុកថា ជាឱកាសល្អមួយសម្រាប់ប្រទេស ចិន ដោយសារហេតុផលមួយចំនួន។ យើងលើកឧទាហរណ៍សណ្ដែងសៀងសហរដ្ឋអាមេរិក នាំចូលមកកាន់ប្រទេស ចិន។ កន្លងមកចិនធ្លាប់តែប្រើប្រាស់សណ្តែកសៀងជាសារធាតុចម្បងសម្រាប់ផលិតប្រេងឆា ប៉ុន្តែប្រេងឆាក៏អាចចម្រាញ់ចេញពីដំណាំផ្សេងទៀតជំនួសផងដែរ ហើយម្យ៉ាងទៀតប្រទេស ចិន ក៏អាចនាំចូលសណ្ដែងសៀងពីប្រទេសផ្សេងទៀតក្រៅពីសហរដ្ឋអាមេរិកបានដែរ។ ហេតុនេះត្រង់ចំណុចនេះអ្នកដែលរងគ្រោះពិតប្រាកដ មិនមែនប្រជាពលរដ្ឋចិននោះទេ គឺកសិករដាំសណ្តែកសៀងអាមេរិក ដែលនឹងត្រូវរងផលប៉ះពាល់ ប្រសិនបើចិនផ្លាស់ប្តូរជម្រើសរបស់ខ្លួន។

ម្យ៉ាងទៀតសង្គ្រាមពាណិជ្ជកម្មរបស់លោក ដូណាល់ ត្រាំ អាចនឹងក្លាយជាឱកាសវិជ្ជមានសម្រាប់ប្រទេសចិន ព្រោះថាវានឹងធ្វើឱ្យទីផ្សារចិនកាត់បន្ថយការពឹងផ្អែកលើផលិតអាមេរិក នាំឱ្យអតិថិជនចិន ប្តូរទៅប្រើប្រាស់ផលិតផលក្នុងស្រុកវិញម្តង ដែលជាឱកាសល្អសម្រាប់មួយកសិករចិន។ ការនាំចេញសរុបរបស់ចិន ទៅសហរដ្ឋអាមេរិក មានប្រមាណជា៥០០ពាន់លានដុល្លារ។ លោក ហ្គុង បាននិយាយថា ក្នុងស្ថានភាពបែបនេះ ក្រុមហ៊ុននៅក្នុងប្រទេសចិន អាចនឹងងាកមកផ្តោតសំខាន់លើទីផ្សារក្នុងស្រុកវិញ ស្របពេលដែលទីផ្សារប្រទេសចិន ធំជាងទីផ្សារអាមេរិក ឬទីផ្សារអន្ដរជាតិដទៃទៀត។

ជាងនេះទៅទៀតនោះ ក្រុមហ៊ុនទាំងនោះមិនចាំបាច់ត្រូវពឹងផ្អែកទាំងស្រុងលើទីផ្សារសហរដ្ឋអាមេរិកទៀតទេ ដោយសារចិននៅមានជម្រើសជាច្រើនផ្សេងទៀត។ ជាមួយគ្នានេះដែរ សង្គ្រាមនេះអាចផ្តល់ឱកាសដល់ក្រុមហ៊ុនចិន កាត់បន្ថយការពឹងផ្អែកលើតែប្រភពជាក់លាក់មួយ (អាមេរិក) តែចេះពឹងផ្អែកលើប្រភពផ្សេងៗច្រើនជាងមុន ដែលជារូបភាពដ៏ល្អមួយសម្រាប់ប្រទេស ចិន៕