(ប៉េកាំង)៖ ក្នុងឱកាសជាខួបទី៤០ឆ្នាំ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីសន្តិភាព និងមេត្រីភាពរវាងចិននិងជប៉ុន លោក លី ខឹឈាង នាយករដ្ឋមន្ត្រីចិន និងលោក Shinzo Abe នាយករដ្ឋមន្ត្រីជប៉ុនបានផ្ញើលិខិតអបអរសាទរជូនគ្នាទៅវិញទៅមក ដោយបង្ហាញពីកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក មានភាពកាន់តែស៊ីជម្រៅ និងជំរុញទំនាក់ទំនងចិននិងជប៉ុនឲ្យរីកចម្រើនដោយនឹងនរល្អប្រសើរនិងយូរអង្វែង។

កាលពីពេលថ្មីៗនេះលោក លី ខឹឈាង បានថ្លែងនៅក្នុងអត្ថបទដែលមានចុះឈ្មោះនៅកាសែត Asahi Shimbun ដែលជាប្រព័ន្ធសារព័ត៌មានសំខាន់របស់ជប៉ុនថា ប្រទេសចិន និងជប៉ុនជាប្រទេសជិតខាងគ្នាដ៏សំខាន់។ ឥឡូវនេះពីក្រុងប៉េកាំងដល់ក្រុងតូក្យូ ជារៀងរាល់ថ្ងៃសុទ្ធតែមានជើងយន្តហោះត្រង់រាប់សិប ហើយចំណាយពេលត្រឹមតែជាងបីម៉ោង។

ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ យើងបានដើរជាយូរណាស់មកហើយលើការកែសម្រួល និងអភិវឌ្ឍន៍នៃទំនាក់ទំនងចិននិងជប៉ុន។ ដូច្នេះការកែសម្រួលទំនាក់ទំនងចិន និងជប៉ុនដ៏យូរនេះ បានឈានដល់ការអភិវឌ្ឍថ្មី ជាពិសេសគឺប្រទេសទាំងពីរទទួលមកឱកាសថ្មីក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។

សូមរំលឹកថា កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងជប៉ុនបានចាប់ផ្តើមពីពេលដែលទំនាក់ទំនងការទូតរវាងចិន និងជប៉ុនមានភាពប្រក្រតីឡើងវិញ។ សម្រាប់សហគ្រាសជប៉ុន, ប្រទេសចិននៅពេលនោះសមស្របនឹងបង្កើតជាមូលដ្ឋានផលិតកម្មដែលចំណាយដើមទុនទាប។ ចំណែកសម្រាប់ប្រទេសចិនវិញ សហគ្រាសជប៉ុន អាចនាំមកនូវមូលធន ឧបករណ៍បរិក្ខារនិងបច្ចេកវិទ្យា។ បន្ទាប់មកមិនជាយូរប៉ុន្មាន ជប៉ុនបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសចិន។ កាលពីឆ្នាំ២០០៤ សហភាពអឺរ៉ុប និងអាមេរិកបានក្លាយជាដៃគូពាណិជ្ជកម្មធំទី១ និងទី ២ របស់ប្រទេសចិនដោយឡែកពីគ្នា ហើយជប៉ុនបានធ្លាក់មកនៅលំដាប់ទី៣។

ទំហំទឹកប្រាក់ពាណិជ្ជកម្មទំនិញរវាងចិន និងជប៉ុនកាលពីឆ្នាំ២០០៧ មានដល់ ២៧.៩ ទ្រីលានយេនប្រាក់ជប៉ុន ហើយប្រទេសចិន បានវ៉ាហួសអាមេរិកជាលើកដំបូងក្លាយជាដៃគូ ពាណិជ្ជកម្មធំបំផុតរបស់ជប៉ុន។ នៅពេលនោះសហគ្រាសជប៉ុនចាប់ផ្តើមយល់ឃើញថា ប្រទេសចិន មិនមែនជារោងចក្រផលិតលើពិភពលោកតទៅទៀតទេ ប៉ុន្តែកំពុងក្លាយជាទីផ្សារពិភពលោក និងជាទីផ្សារប្រើប្រាស់ទំនិញធំជាងគេ និងមានកម្លាំងសក្តានុពលខ្លាំងលើពិភពលោក ។ សហគ្រាសជប៉ុនមួយចំនួនដែលមាន ទស្សនវែងឆ្ងាយចាប់ផ្តើមកែតម្រូវយុទ្ធសាស្ត្រពាណិជ្ជកម្មរបស់ខ្លួននៅប្រទេសចិន ដោយផលិតទំនិញនិងដាក់ចេញសេវាកម្មចំពោះទីផ្សារចិនជាពិសេស ។

ទំនាក់ទំនងរវាងចិននិងជប៉ុនដែលឆ្លងកាត់៤០ ឆ្នាំជាងមកនេះបានលេចចេញលក្ខណៈពិសេសធំបំផុត គឺទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានភាពជិតស្និទ្ធមិនអាចបំបែកបានទេ។ តាំងពីឆ្នាំ២០០៧មក ប្រទេសចិនគឺជាប្រទេសដៃគូពាណិជ្ជកម្មធំបំផុតរបស់ជប៉ុនរយៈ ១១ឆ្នាំជាប់ៗគ្នា។ អាចនិយាយបានថា ទំនិញនៃប្រទេសចិនដូចជាចំណីអាហារ សម្លៀកបំពាក់ ទំនិញកីឡានិងប្រដាប់ប្រដាសម្រាប់កុមារជាដើម បានជ្រៀតចូលទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនជប៉ុន។

បើនិយាយចំពោះផ្សារទំនើប និងសហគ្រាសម្ហូបអាហារជប៉ុន ការផលិតនៅប្រទេសចិនគឺមានន័យថា គុណភាពខ្ពស់និងតម្លៃថោក ដែលអាចជួយគ្រប់គ្រងដើមទុន។ នៅឆមាសទី១ ឆ្នាំនេះ អ្នកទេសចរចិនទៅលេងនៅប្រទេសជប៉ុនមានចំនួនលើស៤លាននាក់ ឈរនៅលំដាប់ថ្នាក់លេខ១ ក្នុងចំណោមអ្នកទេសចរបរទេសរបស់ជប៉ុន។ មានអ្នកជំនាញការថ្លែងថា ជប៉ុនចាប់ផ្តើមពឹងផ្អែកលើសេដ្ឋកិច្ចចិនហើយ។

សម្លឹងមើលទៅអនាគត បន្ទាប់ពីទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងជប៉ុនបានសម្រេចសហការជាមួយគ្នា នៅតែត្រូវការធ្វើឲ្យប្រសើរឡើង តាមរបាយការណ៍ ត្រួតពិនិត្យមួយនៃអង្កការ JETRO ជប៉ុនកាលពីខែមីនាឆ្នាំនេះបានឲ្យដឹងថា ទំនិញដែលជប៉ុននាំចូលពីប្រទេសចិនសំខាន់ៗគឺមានទូរស័ព្ទឆ្លាតវៃចល័ត ឧបករណ៍ដោះស្រាយ ទិន្នន័យដោយស្វ័យប្រវត្តិបែបចុចអេក្រង់ ប្រដាប់ក្មេងលេង សម្ភារៈសម្រាប់កីឡា និងសម្លៀកបំពាក់ជាដើម។ អាចឃើញថាផលិតផលរបស់ប្រទេសចិន នាំចេញទៅជប៉ុនសំខាន់គឺ ផលិតផលមានតម្លៃបន្ថែមខ្ពស់ (Value added) ដូច្នេះអតិថិជនជប៉ុនបានទទួលយុគសម័យថ្មីដែលប្រើប្រាស់ផលិតផលគ្រឿងអេឡិចត្រូនិកចិនហើយ។

ព្រមជាមួយនេះ ការអភិវឌ្ឍដោយមានស្ថិភាពនៃសេដ្ឋកិច្ចចិន ក៏បាននាំមកឱកាសពាណិជ្ជកម្មដ៏ធំសម្បើមដល់សហគ្រាសជប៉ុនដែរ ហើយបានជះឥទ្ធិពលដល់ការរៀបចំផែនការ យុទ្ធសាស្ត្រពិភពលោកសម្រាប់សហគ្រាសជប៉ុន ជាពិសេសសម្រាប់សហគ្រាសផលិតយានយន្តរបស់ប្រទេសជប៉ុន។ ដោយសារប្រទេសចិនបានឈរនៅលំដាប់ទីមួយ នៃទីផ្សារលក់យានយន្តចំនួនច្រើនបំផុតនៃពិភពលោក សហគ្រាសផលិតយានយន្តរបស់ជប៉ុននៅក្នុងប្រទេសចិន លក់បានយានយន្តសរុបចំនួនជាង ៤៨៣ម៉ឺនគ្រឿងកាលពីឆ្នាំ ២០១៧ ដែលស្មើនឹង១៧% នៃចំនួនលក់យានយន្តសរុបប្រចាំឆ្នាំនៃទីផ្សារប្រទេសចិន ដូច្នេះហើយសហគ្រាសផលិតយានយន្តជប៉ុន កំពុងចាត់ចែងរៀបចំយ៉ាងដិតដល់ និងយកចិត្តទុកដាក់នូវគម្រោងផែនការយុទ្ធសាស្ត្រក្នុងប្រទេសចិន។ ក្រៅពីនេះប្រទេសចិនក៏មានសមត្ថភាពជឿនលឿនលើលោកក្នុងវិស័យដូចជាប្រាជ្ញាសិប្បនិម្មិត (AI) ហិរញ្ញវត្ថុតាមបណ្តាញអ៊ីនធើណេតជាដើម ។ សម្រាប់ជប៉ុនវិញមានបទពិសោធជោគជ័យយ៉ាងច្រើនក្នុងវិស័យផលិតបន្ទះឈីប ការចិញ្ចឹមមនុស្សចាស់ជរា ផ្នែកសេវាសុខាភិបាលជាដើម ទាំងនេះហើយនឹងផ្តល់ឱកាស និងទិសដៅធ្វើកិច្ចសហប្រតិបត្តិការសំខាន់ៗសម្រាប់ប្រទេសទាំងពីរសម្រាប់ធ្វើឲ្យប្រសើឡើងនូវទំនាក់ទំនង សេដ្ឋកិច្ចនិងពាណិជ្ជកម្មឲ្យកាន់តែខ្ពស់ និងមានគុណភាពល្អថែមទៀត។

សំខាន់ជាងនេះទៅទៀត មេដឹកនាំរវាងប្រទេសចិននិងជប៉ុនបានសន្យាថា នឹងរួមចំណែកដល់ស្ថិរភាពនិងភាពរុងរឿងថ្កុំថ្កើងក្នុងតំបន់និងពិភពលោក ដែលផ្តល់នូវទស្សនវិស័យកាន់តែទូលំទូលាយសម្រាប់ការលើកកម្ពស់គុណភាព និងធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិននិងជប៉ុន រួមទាំង កិច្ចចរចានៃកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីរវាងចិន ជប៉ុន និងកូរ៉េខាងត្បូង រួមគ្នាអនុវត្តកិច្ចសហប្រតិបត្តិការទីផ្សារភាគីទីបី តាមរយៈការឆ្លើយតបនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ និងផ្លូវមួយព្រមទាំងការស្ថាបនាគម្រោងពាក់ព័ន្ធនៃធនាគារវិនិយោគអាស៊ីជាដើម។ ដរាបណាប្រទេសទាំងពីរប្រកាន់ខ្ជាប់នូវគោលការណ៍នៃផលប្រយោជន៍ ឲ្យគ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ពិតជាអាចពង្រីកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិននិងជប៉ុនដើម្បីរួមចំណែកថ្មីចំពោះភាពរុងរឿងថ្កុំថ្កើង និងស្ថិរភាពនៃអាស៊ីព្រមទាំងការអភិវឌ្ឍដោយសន្តិវិធីនៃពិភពលោកផងដែរ៕