(រ៉ង់ហ្គូន)៖ ​មីយ៉ាន់ម៉ា​នឹងបញ្ជូន​ពលករ​ចំណាក​ស្រុក​​ចំនួន ៤០,០០០នាក់ ដើម្បីទៅធ្វើការ​​ក្នុងវិស័យ​ឧស្សាហកម្ម​នេសាទ​នៅ​ប្រទេសថៃ ក្រោមប្រព័ន្ធ​អនុស្សរណៈនៃការយោគយល់​គ្នា ដែលស្របទៅតាម​ការ​​​សំណើ​របស់​ភាគីថៃ។ នេះបើតាមការដកស្រង់​ការផ្សាយចេញ​ពី​ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅល្ងាច​ថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨។

​បញ្ហាខាងលើនេះគឺ​ជាប្រធានបទចម្បងគេ នៅក្នុងកិច្ចពិភាក្សា​ស្តីពី​​​វិស័យការងារ​រវាង​រដ្ឋមន្រ្តីការងារ​មីយ៉ាន់ម៉ាលោក យូ ធេន ស្វេ (U Thein Swe) និង​សមភាគី​​ថៃ​លោក អាឌុល សាសស៊ីកែវ (Adul Sangsingkeo) នៅរដ្ឋធានីណៃពិដោ នាថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ។ ​

កិច្ចពិភាក្សានោះ​ក៏បានលើកឡើង​​​​ពី​​ករណី​ នៃការបញ្ជូនពលករ​​​ដែល​កាន់​ទិដ្ឋាការ​ក្លែងក្លាយ ​ដោយ​ទីភ្នាក់ងារ​ជួយ​រកការងារទាំង​ឡាយ ដែល​រកស៊ីដោយ​​គ្មានភាព​ស្មោះ​ត្រង់ផងដែរ។ ក្រៅពីនេះ​រដ្ឋមន្រ្តីទាំងពីរ​ បានពិគ្រោះ​ពីសហការ​សម្រាប់ការលើក​កម្ពស់​និងការពារ​សិទ្ធិ​​របស់ពលករចំណាកស្រុក​មីយ៉ាន់ម៉ា នៅប្រទេសថៃ​ថែមទៀតផង។

គួរជម្រាបថា នាដើម​សប្តាហ៍នេះ​មីយ៉ាន់ម៉ា​និងថៃ ក៏បានបើក​កិច្ចប្រជុំ​លើកទី ០៩ នៃគណៈកម្មការ​ចម្រុះ​​​សម្រាប់កិច្ចសហប្រតិបត្តិការ​ទ្វេភាគី នៅទីក្រុង​ណៃពិដោ ដែលមានរដ្ឋមន្រ្តី​ការបរទេស​មីយ៉ាន់ម៉ា​​ និង​រដ្ឋមន្រ្តី​ការបរទេស​ថៃ​ជា​សហប្រធាន​ផងដែរ៕