(ញូដេលី)៖ ប្រតិភូមកពីរដ្ឋាភិបាល​ជាច្រើននៅក្នុងតំបន់អាស៊ី ក្នុងនោះរួមមាន​ទាំងប៉ាគីស្ថាន​ដែលជាប្រទេសជិត​ខាងផងដែរ បានចូលរួមក្នុង​ពិធីបុណ្យសព​អតីតនាយករដ្ឋមន្ត្រី​​ឥណ្ឌា អាតាល់ ប៊ីហារី វ៉ាចផាយី (Atal Bihari Vajpayee) ក្នុងទីក្រុងញូដេលី​នៅថ្ងៃសុក្រនេះ។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨។

ពិធីបុណ្យសព​លោក Vajpayee បានចាប់ផ្ដើម​នៅម៉ោង ១៖០០នាទីរសៀល (ម៉ោងនៅ​ក្នុងតំបន់) ហើយគ្រោងនឹងបញ្ចប់​នៅម៉ោង ៤៖០០នាទីរសៀលនេះ នៅឯស្តូកគោរព​វិញ្ញាក្ខន្ធ សាមរីធី សាថល (Smriti Sthal) ស្ថិតនៅចំកណ្ដាល​ទីក្រុងញូដេលី។ លោក Vajpayee បានទទួល​មរណៈភាព នៅទីក្រុងញូដេលី​កាលពីថ្ងៃព្រហស្បតិ៍ ក្នុងវ័យ ៩៣ឆ្នាំ ដោយសារជំងឺរុំារ៉ៃ​អស់រយៈពេលជា​យូរយាណាស់​មកហើយ។

គួរបញ្ជាក់ថា លោក Atal Bihari Vajpayee បានស្បថឡើង​កាន់តំណែងជានាយករដ្ឋមន្ត្រី​ឥណ្ឌា​កាលពីឆ្នាំ១៩៩៦ ហើយ ០២ខែ ក្រោយបានឡើង​កាន់អំណាច លោក​បានបង្កឱ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង តាមរយៈការអនុញ្ញាត​ឱ្យមានការ​ធ្វើតេស្ដ​នុយក្លេអ៊ែរចំនួន​បីលើក ដើម្បី​ប្រែក្លាយឥណ្ឌា ជាមហា​អំណាច​នុយក្លេអ៊ែរ៕