(ន័រវែស)៖ ទឹកសមុទ្រ​នៅប្រជុំកោះស្វយ័ត Faroe នៃប្រទេស​ដាណឺម៉ាក​បានប្រែពណ៌​ទៅជាក្រហម​ឆ្អិនឆ្អៅ ​​ក្រោយពី​សត្វត្រីបាឡែន​​ជា​ច្រើនក្បាល ត្រូវបាន​ប្រជាជននៅទីនោះ​សម្លាប់ ដើម្បីយកធ្វើជា​ស្បៀងអាហារត្រៀម សម្រាប់ការមក​ដល់នៃរដូវ​រងារ​ដ៏​លំបាក។ នេះ​បើតាមការ​ដកស្រង់ការផ្សាយ​ចេញ​ពីសារព័ត៌មាន​អង់គ្លេស BBC នៅរសៀល​ថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨។

សាច់ និងខ្លាញ់​របស់​ត្រីបាឡែនប្រភេទ Pilot Whale គឺជាប្រភពស្បៀង​អាហារ​ដ៏សំខាន់ ដែលនឹងជួយ​ប្រជាជន​​​ប្រមាណ​ ៥០,០០០នាក់ ដែលកំពុងរស់​នៅលើកោះ Faroe ឲ្យឆ្លងផុតរដូវ​រងារ។ ការប្រមាញ់សត្វត្រី​បាឡែននេះ តែងត្រូវបាន​​ធ្វើឡើង​ដោយ​អ្នក​ស្រុក Faroe ​​ជារៀងរាល់ឆ្នាំ អស់រយៈពេលជា​ច្រើនសតវត្សរ៍​កន្លង​មកហើយ ប៉ុន្តែរូបភាព​ដ៏រន្ធត់ខាងក្រោមនេះ នឹងធ្វើឲ្យ​មនុស្សជាច្រើនមានការ​ភ្ញាក់ផ្អើល និងតក់ស្លុត​ជាខ្លាំងព្រោះអន្តរជាតិ​កំពុងតែធ្វើការ​អភិរក្សត្រីប្រភេទ​នេះ​យ៉ាងខ្លាំង។

គួរជម្រាបថា ប្រជុំកោះ Faroe ស្ថិតនៅ​តំបន់សមុទ្រអាត្លង់ទិកខាងជើង ចន្លោះ​ប្រទេសន័រវែស និងអាយឡែន ហើយរួមមាន​​កោះ​តូចៗ​​ចំនួន ១៨។ ទោះបីជា​វាជាអាហារប្រពៃណី និងមិនអាចខ្វះបាន​ក៏ដោយ ក៏រូបភាពនៃ​ការកាប់សម្លាប់​នេះ បានទទួលរង​ការរិះគន់យ៉ាងខ្លាំង ពីសំណាក់​បណ្តាប្រទេស​អឺរ៉ុបគ្នាឯង និងអ្នកអភិរក្ស​សត្វសមុទ្រអន្តរជាតិ។ ប៉ុន្តែវាមិនខុស​ពីប្រទេសជប៉ុន​នោះទេ ព្រោះពាក្យថា «អាហារប្រពៃណី» និងការពារសុខភាព​ប្រចាំថ្ងៃបែបនេះ វាពិបាកនឹងបញ្ឈប់ខ្លាំងណាស់៕