(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីអាមេរិក​បានឱ្យដឹងថា គំរោងធ្វើព្យុហយាត្រា​យោធា​របស់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នឹងត្រូវចំណាយ​ប្រាក់អស់ជាង ៩២លានដុល្លារ។ នេះបើតាម​ការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨។

ក្រុមមន្ត្រីអាមេរិក​នៅក្នុងលក្ខខណ្ឌមិនបញ្ចេញ​ឈ្មោះ បានប្រាប់​សារព័ត៌មាន CNBC ក៏បានឱ្យដឹង​​នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ​ទៀតថា ព្យុហយាត្រា​យោធារបស់​លោក ត្រាំ ដែលដំបូង​ឡើយគ្រោងនឹង​ធ្វើឡើងក្នុងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី (Washington D.C) នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នឹងត្រូវពន្យារពេលរហូត​ដល់ឆ្នាំ២០១៩។ ប៉ុន្តែ គំរោងចុងក្រោយ​នៃការរៀបចំ​ព្យុហយាត្រាយោធា មិនទាន់ត្រូវ​បានអនុម័ត​ដោយរដ្ឋមន្ត្រីការពារជាតិ​អាមេរិកលោក ជីម ម៉ាត់ទីស (Jim Mattis) នៅឡើយទេ។

គួរបញ្ជាក់ថា ការបែកគំនិត​ស្នើឲ្យមានគំរោងធ្វើព្យុហយាត្រា​យោធា​ដ៏ធំសម្បើម ដែលកម្រមាន​បំផុតនៅអាមេរិក​នេះ ​ត្រូវបានប្រកាសដោយ​​លោក ដូណាល់ ត្រាំ ក្រោយលោក​​បានចូលរួមក្នុង​ព្យុហយាត្រា​យោធា នៅ​ប្រទេសបារាំង​កាលពី​ឆ្នាំ២០១៧ កន្លងទៅ ហើយកាលពី​ដំបូង​គំរោងធ្វើព្យុហយាត្រា​នេះ ត្រូវបានគេប៉ាន់​ប្រមាណថា នឹង ត្រូវចំណាយ​​ប្រាក់អស់តែ ១២លានដុល្លារ ឬអាច​ក្រោម ៨០លានដុល្លារ​​តែ​ប៉ុណ្ណោះ៕