(ឈីលី)៖ ​ដោយសារតែ​មានការព្រមានបំផ្ទុះ​គ្រាប់បែកកើតឡើងភ្លាមៗនោះ យន្តហោះអ្នកដំណើរ​ដល់ទៅ ០៩គ្រឿង បានធ្វើការចុះចតជា​បន្ទាន់​នៅតាម​បណ្តា​ប្រទេសក្នុងតំបន់​អាមេរិកខាងត្បូង។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី​សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨។

បើតាមអាជ្ញាធរ​អាកាសចរណ៍ស៊ីវិល​របស់ឈីលី ​ជើងហោះហើរ​​ចេញ និងឆ្ពោះមកកាន់​ប្រទេសអាមេរិកឡាទីនមួយនេះ បានធ្វើការ​ចុះ​ចត​យ៉ាងតក់ក្រហល​នៅ​ក្នុងទីក្រុង រ៉ូសារីយ៉ូ (Rosario) នៃប្រទេសអាហ្សង់ទីន និងក្រុង ភីស្កូ (Pisco) នៃប្រទេសប៉េរូ ក្នុងចំណោម​ទីតាំងដទៃទៀត ហើយ​ប៉ូលិស​ឈីលី កំពុងបើកការ​ស៊ើបអង្កេតទៅលើករណី​នេះ។

យ៉ាងណាមិញ ការគំរាមបំផ្ទុះគ្រាប់បែក​នេះ ទំនងគឺជាការបោកប្រាស់​តែប៉ុណ្ណោះ ​ដោយយន្តហោះ ​០៣គ្រឿង ក្នុងចំណោមនោះ​ត្រូវបាន​អាជ្ញាធររួចពិនិត្យ​រួចហើយ ដោយពុំមែនរកឃើញ​មានគ្រឿងផ្ទុះណាមួយ​នោះទេ ខណៈយន្តហោះដទៃទៀត កំពុងស្ថិត​ក្រោមការ​​ត្រួត​​ពិនិត្យ។

គួរជម្រាបថា ​ការ​គំរាមខាងលើ​ត្រូវបានធ្វើឡើង​តាមរយៈ​​ការហៅទូរស័ព្ទ​មួយ មកកាន់មន្រ្តី​នៃ​អាជ្ញាធរអាកាសចរណ៍​​ឈីលី ទើបឈានដល់​ការផ្អាកជើងហោះហើរ​ភ្លាមៗដើម្បី​សុវត្ថិភាពនៃអ្នក​ដំណើររាប់​រយនាក់៕