(វ៉ាស៊ីនតោន)៖ ផ្កាយរណប​មួយគ្រឿងរបស់​រុស្ស៊ី ដែលត្រូវបាន​បាញ់បង្ហោះ​ឡើងទៅ​កាន់​គន្លង​ផែនដី កាលពីខែតុលា​ឆ្នាំមុននោះត្រូវ​សហរដ្ឋអាមេរិក​អះអាងថា ​បាននិងកំពុងតែ​​​បង្ហាញសកម្មភាព​ចម្លែកៗ ដោយ​ប្រការនេះ​​កាន់តែ​បង្កើនភាពសង្ស័យ​ទៀតថា វាអាចជា​​អាវុធ​អវកាសប្រភេទ​ណាមួយ។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពី​វែបសាយ Space នៅព្រឹក​ថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨។

បើតាម​ក្រុមមន្រ្តី​​របស់អាមេរិក រុស្ស៊ី​បានចាត់ទុកផ្កាយរណប​ខាងលើថា ជាឧបករណ៍​សម្រាប់ត្រួតពិនិត្យ​ក្នុងទីអវកាស ប៉ុន្តែសកម្មភាព​របស់វានៅឯគន្លងផែនដី បានបង្ហាញថា វាមើលទៅ​មានភាពខុសប្រក្រតីជាខ្លាំង និងមិនដូចទៅនឹងអ្វីដែល​ធ្លាប់ឃើញពីមុនមកឡើយ។​ ​

ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ទីក្រុងវ៉ាស៊ីនតោនក៏តែងតែបាន​លើកឡើង​ផងដែរថា ឥទ្ធិពល​ក្នុងទីអវកាស​របស់​​សហរដ្ឋអាមេរិក​កំពុង​ស្ថិត​ក្រោមការ​គំរាមកំហែង​ ហើយខ្លួនត្រូវធ្វើការ​ត្រៀម​លក្ខណៈសម្រាប់សង្រ្គាម​ដែលផ្ទុះរីករាល​ដាល​ទៅដល់​ទីអវកាស។

ជាការពិតណាស់ ដោយសារហេតុផលបែបនេះ​ហើយ ទើបបានជំរុញឲ្យ​ប្រធានាធិបតី​លោក ដូណាល់ ត្រាំ សម្រេច​បង្កើត​កងអង្គភាព​​យោធាថ្មី ដែលហៅថា ទ័ពអវកាស។ ជាទូទៅ​​​មន្រ្តីអាមេរិក តែងចង្អុលទៅកាន់​រុស្ស៊ី និងចិនថា​ជាគូ​សត្រូវ​ដ៏សំខាន់​ដែល​ទីក្រុង​វ៉ាស៊ីន​តោន ត្រូវធ្វើការតាមដាន​ឲ្យបានដិតដល់​បំផុត៕