(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានបង្ហាញការពេញចិត្ត​ជាខ្លាំង ចំពោះ​​ជំនួយ ១០០លានដុល្លារ​របស់​អារ៉ាប៊ីសាអូឌីត ដើម្បីជួយ​រក្សាស្ថេរភាពនៅក្នុងតំបន់​ដែលត្រូវបានរំដោះ​ពីពួក ISIS ស្របពេលរដ្ឋបាល​អាមេរិកលោក ដូណាល់ ត្រាំ ប្រកាស​កាត់បន្ថយ​ជំនួយ​អន្តរជាតិ។ នេះបើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨។

នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់ខ្លួន ក្រសួងការបរទេស​អាមេរិក​បានលើក​ឡើង​យ៉ាងដូច្នេះថា «ការផ្ដល់ជំនួយ​របស់​អារ៉ាប៊ីសាអូឌីត គឺពិតជាមាន​សារៈសំខាន់សម្រាប់​ការរក្សាស្ថេរភាព​ នៅក្នុងតំបន់ដែលត្រូវ​បានរំដោះ​ពីពួក ISIS​»។ បច្ចុប្បន្ន​ដែនដីគ្រប់គ្រង​ដោយ ISIS​ នៅសល់ ១,០០០គីឡូម៉ែត្រក្រឡា នៅក្នុង​ប្រទេសស៊ីរី ហើយប្រជាជន​ស៊ីរីជិត ១៥០,០០០នាក់ បានត្រឡប់​មកកាន់ទីក្រុងរ៉ាកកាវិញ​បន្ទាប់ពីពួក ISIS រត់ចេញពី​ទីក្រុងមួយ​នេះ។

គួរបញ្ជាក់ថា ការសន្យាផ្ដល់​ជំនួយរបស់​អារ៉ាប៊ីសាអូឌីត កើតមានឡើង នៅចំពេលដែល​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ប្រកាសកាត់​បន្ថយការផ្ដល់ជំនួយដល់​សហគមន៍អន្តជាតិ​ក្នុងនោះរួមមាន​ទំាងជំនួយសម្រាប់​ស៊ីរី​តំបន់ វែសត៍ប៊ែង (West Bank) និង ហ្គាហ្សា (Gaza) ជាដើម៕