(អូតាវ៉ា)៖ អ្នកអ៉ីស្លាមនៅកាណាដា ដែលគ្រោងធ្វើដំណើរ​ទៅចូលរួមពិធី​ធម្មយាត្រា «ហាជ» ដែលជាបុណ្យសាសនាដ៏ធំប្រចាំឆ្នាំ​របស់​​ពួក​គេនោះ កំពុងប្រឈមនឹងការពន្យាពេលធ្វើដំណើរ ដោយសារតែបញ្ហាជម្លោះការទូត​​ ​ជាមួយអារ៉ាប៊ីសាអូឌីត ដែល​មិន​ទាន់​រំងាប់​ទៅ​វិញបាននៅឡើយនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែសីហា ឆ្នាំ២០១៨។

អ្នកប្រតិបត្តិសាស្រ្តអ៊ីស្លាមនៅកាណាដាជាច្រើននាក់ បានកក់ជើងហោះហើរ​​​ជាមួយ​ក្រុមហ៊ុនអាកាសចរណ៍​​រ៉ាប៊ីសាអូឌីតតាំងតែពី​យូរ​រួចស្រេចទៅហើយ ដើម្បីចូលរួមពិធីបុណ្យហាជ (Hajj) នៅឯទីសក្ការៈបូជាក្នុងទីក្រុងម៉េកកា (Mecca) របស់ព្រះរាជាណាចក្រអារ៉ាប៊ី​សាអូឌីត ដែលនឹងប្រព្រឹត្តទៅចាប់ពី​ថ្ងៃទី១៩ ដល់ទី២៤ ខែសីហានេះ។ ក្រៅនេះ សិស្ស-​និស្សិតអារ៉ាប៊ីសាអូឌីត ក៏​កំពុងជួបទុក្ខធំ​ក្នុង​ការរៀបចំខ្លួនវិលត្រឡប់ទៅប្រទេសកំណើតវិញ តាមការបង្គាប់របស់រដ្ឋាភិបាលផងដែរ ឲ្យបានមុនចុងខែនេះផងដែរ។

គួរជម្រាបថា ​ទីក្រុងរីយ៉ាដ បានសម្រេចកាត់ផ្តាច់ទំនាក់ទំនងការទូត​ក៏ដូចជាពាណិជ្ជកម្ម​ ជាមួយ​ទីក្រុង​អូតាវ៉ាកាលពីដើមខែនេះ ដើម្បី​ជាការឆ្លើយតបចំពោះ​​​ពាក្យសម្តីរបស់រដ្ឋមន្រ្តីការបរទេសកាណាដា ដែលបានទាមទារ​ឲ្យមានការដោះលែង​​ក្រុមសកម្មជនសង្គមស៊ីវិល​ ដែលជាប់ឃុំខ្លួនក្នុងព្រះរាជាណាចក្រនៅមជ្ឈិមបូព៌ានេះ។ បន្ថែមពីនេះ អារ៉ាប៊ីសាអូឌីត ក៏បានបញ្ចប់​កម្មវិធីអប់រំនិង​កម្មវិធី​​វេជ្ជ​សាស្រ្ត​ ដែល​ឧបត្ថម្ភដោយរដ្ឋនៅ​ប្រទេសកាណាដា ថែមទៀតផង ហើយលទ្ធផលគឺសិស្ស-និស្សិត​អារ៉ាប៊ីសាអូឌីត ធ្វើ​យ៉ាង​ណា​ត្រូវ​ប្រញាប់​ត្រឡប់​ទៅ​ស្រុកកំណើតវិញ ឲ្យបានមុនពេលកំណត់។ មិនតែប៉ុណ្ណោះ ទីក្រុងរីយ៉ាដ ក៏បានសម្រេច​ផ្អាក​ជើង​ហោះ​ហើរ​ជាមួយ​កាណាដា​ផងដែរ​​​។​

ខណៈបញ្ហាជម្លោះនៅតែបន្តជាប់គាំង កាណាដាបាននិងកំពុងតែស្នើឲ្យ​សម្ព័​ន្ធមិត្តរបស់ខ្លួន រួមមានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប​ជាដើម ជួយប្រមែប្រមូលការគាំទ្រ និងចរចាជាមួយ​អារ៉ាប៊ីសាអូឌីត ដើម្បីដោះស្រាយវិវាទនេះ៕