(អ៉ីតាលី)៖ អាជ្ញាធរអ៉ីតាលី បានឲ្យដឹងថា រហូតមកទល់ថ្ងៃនេះ ​​មនុស្សចន្លោះពី១០ទៅ២០នាក់ នៅតែបន្តបាត់ខ្លួននៅក្រោមគំនរ​ស្ពាន​ខ្នាតធំ ដែលបានបាក់​នៅក្រុង Genoa ភាគពាយ័ព្យប្រទេស កាលពីថ្ងៃអង្គារសប្តាហ៍នេះ និងបានផ្តាច់ជីវិតមនុស្សជាច្រើននាក់។ នេះ​បើ​តាមការដកស្រង់ការផ្សាយចេញពី​​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែសីហា ឆ្នាំ២០១៨។

​បើតាមតួលេខផ្លូវការពីអាជ្ញាធរអ៉ីតាលី មនុស្សដែលបានបាត់បង់ជីវិតក្នុងសោកនាដកម្មដ៏អាក្រក់នេះ មានចំនួន​៣៨នាក់។ ជុំវិញរឿង​នេះ រដ្ឋមន្រ្តីដឹកជញ្ជូនអ៉ីតាលី លោក ដានីឡូ តូនីនែលលី (Danilo Toninelli) ក៏បានទាមទារឲ្យ​បណ្តា​ប្រធានគ្រប់គ្រង​ជាន់​ខ្ពស់​របស់​​ក្រុមហ៊ុន​ Autostrade per l'ltalia ដែលទទួលបន្ទុកមើលការខុសត្រូវលើស្ពាន ចុះចេញពីតំណែងផងដែរ ហើយបន្ថែមពី​​ក្រុមហ៊ុនអាច​​​​នឹងត្រូវដកសិទ្ធិ​ប្រតិបត្តិការស្ពានថែមទៀត។

គួរជម្រាបថា សំណងស្ពាន Morandi ត្រូវបានកសាងឡើងតាំងតែពីទសវត្សរ៍​ទី៦០មកម្ល៉េះ ហើយ បានស្ថិតក្រោមការជួលជុល​កែ​លម្អ​កាល​ពីឆ្នាំ២០១៦៕