(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាទំនាក់ទំនងរវាងចិន និងរុស្ស៊ីកំពុងរីកចំរើនទៅមុខយ៉ាងល្អ ដែល នេះគឺពិតជាមានសារៈសំខាន់ ក៏ដូចជានឹងផ្ដល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងពិភពលោកទាំងមូល។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន CGTN​ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែសីហា ឆ្នាំ២០១៨។

លោក ពូទីន ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងជំនួបជាមួយសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស កម្មុយនិស្ដចិន លោក Yang Jiechi នៅឯទីក្រុង Sochi ប្រទេសរុស្ស៊ី ​នៅថ្ងៃពុធសប្ដាហ៍នេះ។ នៅក្នុងជំនួបជាមួយលោក Yang ប្រធានាធិបតីរុស្ស៊ី ក៏បានបញ្ជាក់ដែរថាទីក្រុងម៉ូស្គូ បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើន និងពង្រឹងទំនាក់ទំនងជាមួយចិន បន្ថែមទៀតនៅពេលអនាគត ដើម្បីចូលរួមដោះស្រាយបញ្ហាអន្តរជាតិ និងនៅក្នុងតំបន់។

គួរបញ្ជាក់ថា បើតាមលោក Yang Jiechi លោក ពូទីនចង់ជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ជាថ្មីម្ដងទៀតបន្ទាប់ពី អ្នកទាំងពីរបានជួបគ្នាចំនួនពីរដងក្នុងឆ្នាំ២០១៨នេះ៕