(ម៉ាល់ឌីវ)៖ ប្រធានាធិបតីម៉ាល់ឌីវ​លោក អាប់ឌូលឡា យ៉ាមីន (Abdulla Yameen) បានប្រកាសឲ្យដឹងថា​ រមណីដ្ឋាន​ប្រណិត​ថ្មីចំនួន​២១កន្លែង នៅលើប្រជុំកោះទេសចរណ៍នេះ នឹងត្រូវបើកទ្វារទទួល​ភ្ញៀវ ដែលជាពិសេសមកពីអន្តរជាតិ នៅមុនដំណាច់ឆ្នាំ២០១៨​នេះ ដើម្បីជំរុញវិស័យទេសចរណ៍​​ដែលកំពុងមានសក្តានុពលរបស់ប្រទេស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែសីហា ឆ្នាំ២០១៨។

លោក Yameen បានលើកឡើងថា រីសតថ្មីសរុប៣០កន្លែងហើយ ត្រូវបើកសម្ពោធឡើង នៅក្រោមរដ្ឋបាល​ដឹកនាំរបស់លោក ដោយ​​​​​រីសតចំនួន២១កន្លែងទៀត ត្រូវបានគ្រោងនឹង​បើកទ្វារជាបន្តបន្ទាប់ទៀត ឲ្យបានមុនដំណាច់ឆ្នាំនេះ។ បើតាមលោកប្រធានាធិបតី ការ​ងារ​ជិត៣០ភាគរយនៃសំណង់រីសតទាំង២១នេះ នៅមិនទាន់ហើយរួចរាល់ជាស្ថាពរនៅឡើយទេ។

គួរជម្រាបថា វិស័យទេសចរណ៍​នៅម៉ាល់ឌីវនាឆ្នាំនេះ មានសន្ទុះទៅមុខយ៉ាងខ្លាំងក្លា ដោយ​ភ្ញៀវទេសចរសរុប​៧២៦,៥១៥ ​បានធ្វើ​ដំណើរកម្សាន្តមកកាន់​​ប្រទេសដីកោះ ដែលស្ថិតនៅលើមហាសមុទ្រឥណ្ឌា ​ក្នុងអំឡុងរយៈពេល០៦ខែដំបូងនៃឆ្នាំ២០១៨ ដោយវាគឺ​ជា​អាត្រាកំណើន១០.៥ភាគរយធៀបនឹងរយៈពេល​ដូចគ្នា​​កាលពីឆ្នាំមុន៕