(គូឡាឡាំពួរ)៖ ចៅក្រមម៉ាឡេស៊ីម្នាក់ នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចចិត្តថាសវនាការកាត់ទោសស្ត្រីពីរនាក់ ដែលត្រូវបាន ចោទប្រកាន់ពីបទសម្លាប់បងប្រុសម្ដាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងត្រូវបន្តធ្វើឡើង ហើយបានស្នើឱ្យ អ្នកទាំងពីរត្រៀមការពារខ្លួនតាមផ្លូវច្បាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែសីហា ឆ្នាំ២០១៨។

លោកចៅក្រម Azmi Ariffin បានរក្សាទទួលស្គាល់ការចោទប្រកាន់ស្ត្រីទាំងពីរនាក់ គឺនាង Siti Aisyah និង Doan Thi Huong រួមទាំងជនជាតិកូរ៉េខាងជើងបួននាក់ផ្សេងដែលកំពុងរត់គេចខ្លួន​ ពាក់ព័ន្ធនឹងការសម្លាប់លោក​ គីម ជុងណំា ដែលជាបងប្រុសម្ដាយ ទីទៃរបស់លោក គីម ជុងអ៊ុន។

គួររំលឹកថា នាង Siti Aisyah ជាជនជាតិឥណ្ឌូណេស៊ី និងនាង Doan Thi Huong ជាជនជាតិវៀតណាម អាចនឹងត្រូវផ្ដន្ទាទោស ប្រហារជីវិត បើសិនជាតុលាការម៉ាឡេស៊ី រកឃើញថាអ្នកទាំងពីរពិតជាបានសម្លាប់លោក គីម ជុងណាំ មែននោះ។

លោក គីម ជុងណាំ ត្រូវបានគេសម្លាប់ដោយប្រើប្រាស់សារធាតុគីមីពុល VX នៅឯអាកាសយានដ្ឋានទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។ ចំណែកឯ សហរដ្ឋអាមេរិកធ្លាប់បានចោទប្រកាន់ថារដ្ឋាភិបាលកូរ៉េខាងជើងគឺជាអ្នកនៅពីក្រោយអំពើ ឃាតកម្មនេះ ប៉ុន្តែទីក្រុងព្យុងយ៉ាងបានបដិសេធរាល់ការចោទប្រកាន់៕