​(មីយ៉ាន់ម៉ា)៖ កាលពីខែមេសាកន្លងទៅ ស្ថាបនិកក្រុមហ៊ុន Facebook ​លោក Mark Zuckerberg បានប្រាប់ព្រឹទ្ធសភាអាមេរិក ថាក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមរបស់លោក បានជួលបុគ្គលិករាប់សិបនាក់បន្ថែមនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីត្រួតពិនិត្យ និងលុបចោលការបង្ហោះសារទាំងឡាយណាដែលមានលក្ខណៈរើសអើង បង្កអំពើហិង្សា និងការស្អប់ខ្ពើម។ ប៉ុន្តែទោះជាមានការសន្យានេះក៏ដោយ ក៏ការបង្ហោះសាររើសអើងប្រឆាំងជនជាតិដើមរ៉ូហ៊ីងយ៉ា នៅតែត្រូវបានគេមើលឃើញដដែលនៅក្នុងខែសីហា នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ​នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែសីហា ឆ្នាំ២០១៨។

ជនជាតិដើមភាគតិចរ៉ូហ៊ីងរាប់រាយនាក់ត្រូវបានសម្លាប់ និងជាង ៧០០,០០០នាក់ ត្រូវបានគេរាយការណ៍ថាបានរត់ភៀសខ្លួនទៅ កាន់ប្រទេសបង់ក្លាដែសដើម្បីគេចចេញអំពើហិង្សា ក៏ដូចជាការកាប់សម្លាប់ពីសំណាក់យោធាមីយ៉ាន់ម៉ា។ លើសពីនេះទៅទៀត កាលពីខែមីនាកន្លងទៅ ក្រុមអ្នកស៊ើបអង្កេតមកពីអង្គការសហប្រជាជាតិ បានអះអាងថា Facebook ត្រូវបានគេប្រើប្រាស់ដើម្បី ញុះញង់ឱ្យមានការប្រព្រឹត្តអំពើហិង្សា ការស្អប់ខ្ពើមប្រឆាំងនឹងជនជាតិដើមភាគតិចមួយនេះ។ ដោយឡែក ក្រោយទទួលបាន ដំណឹងនេះ លោក Mark Zuckerberg បានសន្យាថា Facebook នឹងត្រួតពិនិត្យ ក៏ដូចជាលុបចោលការបង្ហោះសារទាំងឡាយ ណាដែលមានលក្ខណៈរើសអើង បង្កអំពើហិង្សា និងការស្អប់ខ្ពើម។ ក៏ប៉ុន្តែសារទាំងនេះនៅតែត្រូវបានគេមើលឃើញ Fa​cebook ដដែលនៅក្នុងខែសីហានេះ។

ជាឧទាហរណ៍ ការបង្ហោះសារប្រឆាំងនឹងជាតិដើមរ៉ូហ៊ីងយ៉ា របស់អ្នកប្រើប្រាស់ Facebook​ មួយចំនួននៅក្នុងប្រទេសមីយ៉ាន់ម៉ា​ តាំងតែពីខែធ្នូ ឆ្នាំ២០១៣ នៅតែត្រូវបានគេមើលឃើញ ហើយសារទាំងនេះមានខឹ្លមសារដូច្នេះថា៖ «យើងគួរតែធ្វើដាក់ពួក​រ៉ូហ៊ីងយ៉ា ដូចដែល ហ៊ីត្លែរធ្លាប់ធ្វើដាក់ជនជាតិជ្វីប...ពួកឆ្កែទាំងនេះកំពុងសម្លាប់ និងបំផ្លាញប្រទេស និងពូជសាសន៍របស់យើង...ដូច្នេះយើង ចាំបាច់ត្រូវតែបំផ្លាញពូជសាសន៍របស់ពួកវា»

គួរបញ្ជាក់ថា សារទាំងនេះ គឺស្ថិតនៅក្នុងចំណោមសារច្រើនជាង១០០០ ដែល Reuters បានរកឃើញនៅលើការង្ហោះ ការបញ្ចេញយោបល់ រូបភាព និងវីដេអូ ប្រឆាំងនឹងជនជារ៉ូហ៊ីងយ៉ា រួមទាំងជនមូស្លីមនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយដែលត្រូវបាន គេមើលឃើញជាថ្មីនៅលើ Facebook​ កាលពីសប្ដាហ៍មុន៕ ​