(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានសម្រេចចិត្តដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន និងរុស្ស៊ី ដោយចោទថាមានជាប់ពាក់ព័ន្ធនឹងការធ្វើ ពាណិជ្ជកម្មខុសច្បាប់ជាមួយកូរ៉េខាងជើង ដោយរំលោភលើទណ្ឌកម្មសេដ្ឋកិច្ច របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែសីហា ឆ្នាំ២០១៨។

ការសម្រេចចិត្តដាក់ទណ្ឌកម្មនេះ ត្រូវបានប្រកាសនៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) ដោយក្រសួងរតនាគារជាតិអាមេរិក ដែលបានចាត់ទុកថា ក្រុមហ៊ុនចិនមួយមានសាខានៅក្នុងប្រទេសសិង្ហបុរី និងក្រុមហ៊ុនរុស្ស៊ីមួយទៀត រួមទាំងអគ្គនាយកក្រុមហ៊ុន ទាំងពីរនេះ មិនអាចចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ឬជនជាតិអាមេរិកបានទៀតនោះទេ។ ការដាក់ទណ្ឌកម្ម ថ្មីនេះបង្ហាញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋមេរិក ក្នុងការដាក់សម្ពាធលើកូរ៉េខាងជើង រហូតដល់បោះចោលអាវុធនុយក្លេអ៊ែរនិង កម្មវិធីមីស៊ីលទាំងស្រុង ស្របតាមកិច្ចព្រមព្រៀងរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន កាលពីខែមិថុនា។

គួរបញ្ជាក់ថា បើតាមក្រសួងរតនាគារជាតិអាមេរិក ក្រុមហ៊ុនចិន Dalian Sun Moon Star International Logistics Trading និងក្រុមហ៊ុនជាសាខារបស់ខ្លួនឈ្មោះ SINSMS មានមូលដ្ឋាននៅសិង្ហបុរី បានប្រើប្រាស់ឯកសារក្លែងបន្លំក្នុងចេតនាជួយសម្រប សម្រួលដឹកជញ្ជូន ស្រា ថ្នាំជាក់ និងបារីដោយខុសច្បាប់ទៅកាន់ប្រទេសកូរ៉េខាងជើង។ មិនតែប៉ុណ្ណោះ ការធ្វើពាណិជ្ជកម្មបារីនេះ បានជួយរកប្រាក់ចំណូលឱ្យរបបដឹកនាំលោក គីម ជុងអ៊ុន ច្រើនជាង០១ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ខណៈក្រុមហ៊ុនកំពង់ផែរុស្ស៊ី Profinet ក៏ត្រូវបានចោទប្រកាន់ផងដែរថាបានផ្ដល់សេវាកម្មកំពង់ឱ្យកូរ៉េខាងជើង ដើម្បីដឹកជញ្ជូនផលិតផលប្រេង៕