(ប៉ារីស)៖ ការសិក្សាស្រាវជ្រាវថ្មីមួយ ដែលទើបតែចេញផ្សាយ បានឲ្យដឹងថា ការកើនឡើងកម្តៅសកលបង្កឡើងដោយ​មនុស្ស នឹង​រួម​គ្នាជាមួយកំណើនធម្មជាតិនៃសីតុណ្ហភាពផែនដី ធ្វើឲ្យ​រយៈពេល០៥ឆ្នាំខាងមុខ មានអាកាសធាតុក្តៅខ្លាំងខុសពីធម្មតា។ នេះបើតាម​ការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨។

ការសិក្សាខាងលើដែលចុះផ្សាយនៅលើទស្សនាវដ្តីវិទ្យាសាស្រ្ត Nature Communications បានលើកឡើងថា បម្រែបម្រួលអាកាស​ធាតុ​ដែលបង្កឡើងទាំងដោយកត្តាមនុស្សនិងកត្តាធម្មជាតិ នឹងបង្កើនលទ្ធភាពនៃការកើនឡើងកម្តៅក្នុងកម្រិតខ្ពស់ នៅលើផ្ទៃទឹកនៃមហា​សមុទ្រ ដែលជារឿងគ្រោះថ្នាក់មួយ ព្រោះវាអាចផ្តល់ឱកាសឲ្យ​ព្យុះកំណាច​​ហឺរីឃិន (Hurricane) និងព្យុះទីហ្វុង (Typhoon) កកើត​ឡើង​បានយ៉ាងងាយ។ ក្រៅពីនេះ ​រលកកម្តៅ គ្រោះរាំងស្ងួត ​និងទម្រង់អាកាសធាតុអាក្រក់ៗផ្សេងទៀត ក៏នឹងកើតឡើងញឹកញាប់​​​ថែម​ទៀតផង។

គួរជម្រាបថា ​សីតុណ្ហភាពនៅផ្ទៃផែនដី តែងមានការប្រែប្រួលឡើងចុះជាប់ជានិច្ច ខណៈប្រមាណ១១,០០០ចុងក្រោយនេះ កម្រិតនៃ​ការប្រែប្រួលនោះ គឺពុំជាអ្វីគួរឲ្យកត់សម្គាល់ខ្លាំងឡើយ។ ​ដោយឡែក អ្នកវិទ្យាសាស្រ្ត​នាពេលថ្មីៗនេះ បានរកឃើញថា សម្រាប់​រយៈ​ពេល​ពីឆ្នាំ២០១៨​ដល់​ឆ្នាំ២០២២ ការកើនឡើងកម្តៅដោយធម្មជាតិ នឹងមាន​​ឥទ្ធិពលស្មើគ្នានឹង​បម្រែបម្រួលអាកាសធាតុ ដែល​បង្ក​ឡើង​ដោយ​មនុស្សដែរ៕