(ប្រេស៊ីល)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis បាននិយាយជាសាធារណៈថាកងទ័ពអវកាសអាមេរិក គឺពិតជា

មានសារៈសំខាន់ណាស់ ក្នុងការការពារផ្កាយរណបអាមេរិក ពីការវាយប្រហារដោយអាវុធពីសំណាក់ចិន និងរុស្ស៊ី។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨។

ការលើកឡើងបែបនេះ របស់លោក James Mattis ធ្វើឡើងនៅអំឡុងពេលបំពេញទស្សកិច្ចនៅក្នុងប្រទេសប្រេស៊ីល នៅថ្ងៃអង្គារ សប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់)។​ ថ្លែងនាឱកាសនោះ រដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះ ក៏បានរំលឹកឡើងវិញផងដែរថាចិនធ្លាប់ បានប្រើមីស៊ីលបាញ់បំផ្លាញផ្កាយរណបឃ្លាំមើលអាកាសធាតុមិនដំណើរការណ៍មួយរបស់សហរដ្ឋអាមេរិក កាលពីខែមករា ឆ្នាំ២០០៧។

លោក Mattis បានលើកឡើងនៅក្នុងសុន្ទរកថាមួយនៅចំពោះមុខមន្ត្រីយោធា ២៧០នាក់ ដូច្នេះថា៖ «យើងយល់ពីសារដែលចិន ចង់បញ្ជូនមកឱ្យពួកយើង ថាពួកគេមានសមត្ថភាពបំផ្លាញផ្កាយរណបនៅលើទីអវកាស...ហើយទីភ្នាក់ងារស៊ើបការណ៍សំងាត់របស់ យើងក៏បានឃ្លាំមើលលើប្រទេសដទៃដែរ ក្នុងនោះរួមមានទាំងរុស្ស៊ីដែលកំពុងអភិវឌ្ឍសមត្ថភាពវាយប្រហារនៅក្នុងទីអវកាស»

គួរជម្រាបជូនថា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន អនុប្រធានាធិបតីអាមេរិក លោក Mike Pence បានបង្ហាញពីផែនការដ៏មាន
មហិច្ឆិតាមួយក្នុងការបង្កើតកងអង្គភាពទី០៦ នោះគឺកងទ័ពអវកាស ដែលត្រូវបានគេរំពឹងថានឹងលេចរូបរាងឡើងជាផ្លូវការ នៅឆ្នាំ២០២០ ដើម្បីធានាភាពជាមហាអំណាចរបស់អាមេរិកនៅក្នុងទីអវកាស៕