(អង់ការ៉ា)៖ ប្រធានាធិបតីតួកគីលោក រេសិប តាយយីប អឺដូហ្គាន់ (Recep Tayyip Erdogan) បានចុះហត្ថលេខាលើក្រឹត្យមួយស្តីពីការ​ដំឡើងពន្ធ​ទៅលើ​ផលិតផលនាំចូលពីសហរដ្ឋអាមេរិក រួមមានដូចជា​​រថយន្តដឹកអ្នកដំណើរ​​ក្នុងអត្រា១២០ភាគរយ លើ​គ្រឿងស្រវឹង​១៤០ភាគរយ និងលើ​ថ្នាំជក់​៦០ភាគរយ ​ហើយក្រៅពីនេះ​ការយកពន្ធ​លើ​គ្រឿងសម្អាង អង្ករ និងធ្យូងថ្ម ក៏ត្រូវបានដំឡើងផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨។

បើតាមសាររបស់អនុប្រធានាធិបតីតួកគី លោក ហ្វូអាត អុកតេ (Fuat Oktay) ទីក្រុងអង់ការ៉ា​ បានសម្រេចបង្កើន​អត្រាយកពន្ធលើ​​ទំនិញ​របស់អាមេរិក នៅក្រោមគោលការណ៍មានទៅមានមក ដើម្បីជាការឆ្លើយតបចំពោះ​ការវាយប្រហារដោយចេតនា​របស់រដ្ឋបាល​សហរដ្ឋអាមេរិក មកលើសេដ្ឋកិច្ចរបស់តួកគី។ បន្ថែមពីនេះទៀត លោក អឺដូហ្គាន់ ថែមទាំងបាន​អំពាវនាវ​ប្រជាជនឲ្យឈប់ប្រើប្រាស់​ផលិតផលអេឡិចត្រូនិច​​របស់សហរដ្ឋអាមេរិក ដូចជាទូរស័ព្ទដៃ iPhone ជាដើម។

គួរជម្រាបថា កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ​បានប្រកាសថា​ សហរដ្ឋអាមេរិកនឹងដំឡើងពន្ធ​នាំចូល​ពីតួកគី ​ទៅលើដែកថែបឲ្យដល់អត្រា​៥០ភាគរយ និងអាលុយមីញ៉ូមឲ្យដល់២០ភាគរយ ខណៈភ្លាមៗក្រោយមក​តម្លៃលុយ​លីរ៉ា (Lira) របស់តួកគី បានដាំក្បាលចុះខ្លាំង​មិនធ្លាប់មាននោះឡើយ។

ការធ្លាក់ចុះដុនដាបនៃទំនាក់ទំនងទ្វេភាគី​រវាងប្រទេសទាំងពីរ បានចាប់ផ្តើមឡើងដំបូងកាលពីឆ្នាំ២០១៦ ក្រោយពី​អាចារ្យគ្រឹស្ត​​អាមេរិក​ អានឌ្រូ ប្រ៊ូនសុន (Andrew Brunson) ត្រូវបានចាប់ខ្លួននៅតួកគី ក្រោមការចោទប្រកាន់ថា ជាសមាជិកនៃក្រុមចលនា ដែល​អង់ការ៉ា​អះអាងថា ជាអ្នកនៅពីក្រោយ​ការ​ធ្វើរដ្ឋប្រហារបរាជ័យកាលពីខែកក្កដា ឆ្នាំ២០១៦ និងចាត់ទុកជាក្រុមភេរវករ៕​