(តូក្យូ)៖ នាថ្ងៃពុធនេះ អាជ្ញាធរជប៉ុន បានដំឡើង​កម្រិត​ប្រកាសអាសន្ន សម្រាប់ភ្នំភ្លើងលើកោះតូចមួយ នៅភាគខាងត្បូងប្រទេស​ ដែល​ជាសញ្ញាបង្ហាញថា ​ប្រជាជនរស់នៅទីនោះ គួរតែត្រៀមលក្ខណៈសម្រាប់ការជម្លៀសខ្លួន ទោះបីជាហេតុការណ៍ផ្ទុះជាក់ស្តែង​នៅលើ​កំពូលភ្នំភ្លើង ពុំទាន់ត្រូវបានប្រទះឃើញយ៉ាងណាក្តី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅ​ព្រឹកថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨។

ទីភ្នាក់ងារឧតុនិយមជប៉ុន បានឲ្យដឹងថា សកម្មភាពរំញ័រនិងការបញ្ចេញឧស្ម័ន បានកើនឡើងខុសពីធម្មតា ចំពោះភ្នំភ្លើង​ស៊ីនដាកេ (Shindake) ​នៃកោះគូជីណូរ៉ាប៊ូជីម៉ា (Kuchinoerabujima) ដែលមានទីតាំងស្ថិតនៅចម្ងាយប្រហែល១,០០០គីឡូម៉ែត្រ ភាគនិរតី​ទីក្រុង​តូក្យូ ហើយបានបង្កើនកម្រិតប្រកាសអាសន្ន​របស់វាដល់កម្រិត០៤លើ០៥។ ការផ្ទុះលើកចុងក្រោយបំផុត​របស់ភ្នំភ្លើង Shindake បាន​កើតឡើងកាលពី០៣ឆ្នាំមុន។ ដោយឡែក បច្ចុប្បន្នមានមនុស្សប្រហែលត្រឹម១០០នាក់​ប៉ុណ្ណោះ ដែលកំពុងរស់នៅលើកោះនេះ។

គួរជម្រាបថា ជប៉ុនមានភ្នំភ្លើងសកម្មសរុប១១០ ដោយ៤៧ក្នុងចំណោមនោះ ស្ថិតក្រោមការតាមដានជាប់ជានិច្ច៕