(អ៊ីស្លាម៉ាបាដ)៖ មនុស្សយ៉ាងតិច០៣នាក់បានបាត់បង់ជីវិត និង៤៥នាក់​បានរងរបួស នៅក្នុងឧប្បត្តិហេតុខុសៗគ្នា​នៃការបាញ់​ភ្លើង​និងបាញ់កាំជ្រួចអបអរសាទរ​ថ្ងៃបុណ្យឯករាជ្យជាតិ នៅតាមទីក្រុងនានា ​នៃប្រទេសប៉ាគីស្ថាន។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨។

ករណីទាំងប៉ុន្មានខាងលើ បានកើតមានឡើង នៅ​ក្រុងការ៉ាជី (Karachi) នៃខេត្តស៊ីន (Sindh) ភាគខាងត្បូងប៉ាគីស្ថាន ព្រមទាំងនៅ​ក្រុង​រ៉ាវ៉ាល់ភីនឌី (Rawalpindi) ដែលនៅជាប់រដ្ឋធានីអ៊ីស្លាម៉ាបាដ និង​​នៅ​ទីក្រុងហ្វៃសាឡាបាដ (Faisalabad) ភាគខាងកើត។​ បើយោង​តាម​ប្រព័ន្ធផ្សព្វផ្សាយប៉ាគីស្ថាន ​របៀបនៃការអបអរ​ឱកាស​និងព្រឹត្តិការណ៍ពិសេសៗ តាមរយៈការបាញ់កាំជ្រួច​និងកាំភ្លើង​បែបនេះ គឺជា​រឿង​​សាមញ្ញទូទៅ នៅក្នុងប្រទេស​អាស៊ីខាងត្បូងមួយនេះ ទោះបីជារៀងរាល់ឆ្នាំ តែងបង្កឲ្យមានមនុស្សបាត់បង់ជីវិត​ក៏ដោយក្តី។

គួរជម្រាបថា កាលពីយប់ថ្ងៃចន្ទនិងថ្ងៃអង្គារកន្លងទៅនេះ ប្រជាជនប៉ាគីស្ថាន បាននាំអបអរ​សាទរ​​​គម្រប់ខួប៧១ឆ្នាំ នៃការទទួលបាន​ឯករាជ្យ ក្រោយសម័យគ្រប់គ្រង​របស់ចក្រភពអង់គ្លេស៕