(ប៉េកាំង)៖ វត្ថុបុរាណច្រើនជាង ៦០ មានអាយុកាលប្រមាណ​ជា ២,០០០ឆ្នាំ ត្រូវបានគេរកឃើញ​នៅឯទីតាំងផ្នូរបុរាណ​មួយកន្លែង ស្ថិត​នៅតំបន់ស្វយ័តទីបេ ភាគនិរតី​ប្រទេសចិន។ នេះបើតាមអាជ្ញាធរ​នៅក្នុងតំបន់ ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១០ ខែសីហា ឆ្នាំ២០១៨។

ក្រុមអ្នកស្រាវជ្រាវ​បានរកឃើញវត្ថុបុរាណ​ទាំងនេះ នៅឯទីតាំងផ្នូរបុរាណ​ចំនួន ០២កន្លែង នៅក្នុងតំបន់ហ្សាន់ដា (Zanda) នៃខេត្តង៉ារី (Ngari) បន្ទាប់ពីបានធ្វើ​ការរុករកអស់រយៈពេលជាង​ ២ខែ។ បន្ថែមពីលើនេះ អាជ្ញាធរនៅ​ក្នុងតំបន់ក៏​បានឱ្យ​ដឹងដែរថា នៅមានផ្នូរបុរាណ ច្រើនជាង ១០កន្លែង​ទៀតនៅទីតាំង​ទាំងពីរ​នេះ។

គួរបញ្ជាក់ថា ការកំណត់អាយុកាល​នៃវត្ថុបុរាណទាំង ៦០ ខាងលើ កំពុងស្ថិតនៅក្រោមការសិក្សា ខណៈបើតាមអ្នកជំនាញវា ប្រហែលជា​មានអាយុកាល ២,០០០ឆ្នាំមក​ហើយ៕