(សូវ៉ា)៖ អាជ្ញាធរប្រទេស​ដែនកោះ វ៉ានួទូ (Vanuatu) បានឱ្យដឹង​នៅថ្ងៃសុក្រនេះថា ការជម្លៀសប្រជាជន​ទៅកាន់តំបន់មាន​សុវត្ថិភាពបាន និងកំពុងធ្វើឡើង ខណៈភ្នំភ្លើង​នៅលើកោះ អាមប៊ែរ () នៅបន្តសកម្មភាពផ្ទុះ។ នេះបើតាមការ​ចេញផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១០ ខែសីហា ឆ្នាំ២០១៨។

យោងតាម​សារព័ត៌មាន Vanuatu's Daily Post តាមរយៈការស្រង់​សម្ដីពីមន្ត្រីនៅក្នុងតំបន់​បានញ្ជាក់ថា ផលប៉ះពាល់​ដោយសារ​តែភ្នំភ្លើង ម៉ារ៉ាណូ វុយ (Marano Vui) កាន់តែមានសភាពធ្ងន់ធ្ងរ​ឡើង ដោយវាបានបង្កការ​រំខានដល់ការផ្គត់ផ្គង់​ជាច្រើននៅក្នុងតំបន់ ជាមួយការ បញ្ចេញផេះ​យ៉ាងក្រាស់ក្រែល​ទៅលើដែនអាកាស។ ជាមួយគ្នាអាជ្ញាធរ​បានសម្រេចិត្ត ជម្លៀសប្រជាជន​ច្រើនជាង ១១,០០០នាក់ចេញពី​កោះ Ambae ទៅកាន់កោះ​ក្បែរខាង ដូចជា ម៉ែវូ (Maewo) ជាដើម។

គួរបញ្ជាក់ថា បច្ចុប្បន្ន​ភ្នំភ្លើង Marano Vui ត្រូវបានប្រកាសដាក់​ក្នុងគ្រាអាសន្នកម្រិត​លេខ ០៣ ប៉ុន្តែការសង្កេតថ្មីៗ​នេះបាន បង្ហាញថា សកម្មភាពភ្នំភ្លើង​មួយនេះបានកើន​ឡើងពី ១០ ទៅ ២០ដង ហើយហានិភ័យ​នៃការបញ្ចេញ​កម្អែរភ្នំភ្លើងចេញ​មកក្រៅ នៅមាន​អ​ត្រាខ្ពស់៕