(ចិន)៖ ក្រុមហ៊ុនចិន អ៊រតុង ភីចឈ័រ (Er Dong Pictures) បានចាប់ផ្តើមសាងសង់រោងភាពយន្ត ដែលបញ្ចាំងរូបរាងពិតបែបនិម្មិតមួយ ដែលហៅកាត់ថា VR (Virtual Reality) ក្នុងទីក្រុងប៉េកាំង ដែលនឹងធ្វើឲ្យអ្នកទស្សនាទទួល បានបទពិសោធន៍ថ្មីនៅពេលមើលកុន។

កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក្រុមហ៊ុននេះបានបើកការដ្ឋានសាងសង់ រោងភាពយន្តខ្នាតយក្សមួយនេះ។ បច្ចុប្បន្នក្រុមហ៊ុននេះ មានរោងភាពយន្តបែប VR នេះចំនួន២កន្លែងរួចមកហើយ ដោយមានមួយកន្លែងស្ថិតនៅក្នុង ផ្សារទំនើប សូឡាណា (Solana)។

ដោយត្រូវបានរចនាឡើងឱ្យមានរូបរាង ដូចជាផ្នែកខាងក្នុងនៃយានអាវកាស បន្ទប់នេះមានប្រវែង២០០ម៉ែត្រ និងកៅអីអង្គុយចំនួន២០ ដែលមានភ្ជាប់វ៉ែនតា VR មកជាមួយផងដែរ។

លោក លីវ ប៊ីងជៀន អនុប្រធានក្រុមហ៊ុន Supersonic Film Technology Limited និយាយថា «កៅអីអង្គុយអាចបង្វិលបាន។ មុខងារមួយនេះអនុញ្ញាតឲ្យទស្សនិកជនបង្វិលខ្លួន ដើម្បីទស្សនាអ្វីដែលពួកគេមិន ដែលឃើញពីមុនមក។ ជាឧទាហរណ៍ ពេលយើងបង្វិលកៅអីមកក្រោយ វាមានមុំបង្វិលត្រឹមត្រូវ។ នៅពេលដែលយើងបង្វិលទៅចំហៀង យើងមិនអាចឃើញអ្វីដែលនៅពីក្រោយយើងទេ។ កៅអីបង្វិលនោះនឹងអាចធ្វើឲ្យយើងមើលឃើញបាន»

អ្នកទស្សនាជាច្រើនមានភាពភ្ញាក់ផ្អើលជាមួយនឹង បទពិសោធន៍ថ្មីមួយនេះ។

អ្នកទស្សនាម្នាក់និយាយថា «ដូចយល់សុបិន្តទាំងថ្ងៃអញ្ច ឃើញសត្វដាយណូស័រជាច្រើនរស់ឡើងវិញ។ វាហាក់បីដូចជា ខ្ញុំអាចប៉ះវាបានអញ្ជឹង ហើយវាឈរនៅជាប់ខ្ញុំតែម្តង»

អ្នកទស្សនាម្នាក់ទៀត និយាយថា «វាពិតជាស្រួលមែន។ ខ្ញុំអាចមើលឃើញអ្វីគ្របយ៉ាងនៅជុំវិញខ្លួនខ្ញុំ ៣៦០ដឺក្រេតែម្តង ហើយវាមានពណ៍ត្រជាក់ភ្នែកទៀត»

ខុសពីរោងភាពយន្តបែបប្រពៃណី រោងភាពយន្ត VR អនុញ្ញាតឲ្យអ្នកទស្សនាជ្រើសរើស នូវអ្វីដែលគេចង់មើល បើទោះបីជាអង្គុយក្នុងបន្ទប់តែមួយក៏ដោយ។

លោក លីវ ប៊ីងជៀន និយាយថា «ក្នុងរោងភាពយន្តបែបប្រពៃណី មានអេក្រង់តែ១សម្រាប់អ្នកទស្សនា ពី ២០០ទៅ៥០០នាក់ក្នុងពេលតែមួយតែប៉ុណ្ណោះ។ កៅអីនីមួយៗសុទ្ធតែ តម្រង់ទិសខុសៗគ្នា បើធៀបទៅនឹងអេក្រង់។ ប៉ុន្តែក្នុងរោងភាពយន្តបែប VRនេះ គ្រប់អ្នកទស្សនាទាំងអស់មានកាសម្នាក់មួយ ហើយមានអេក្រង់ LEDក្នុងវ៉ែនតាស្រាប់តែម្តង ដែលអនុញ្ញាតឲ្យអ្នកទស្សនាអាចផ្តោតអារម្មណ៍បានល្អជាងមុន នៅពេលកំពុងទស្សនាភាពយន្ត ដោយគ្មានការរំខានទេ»៕ (សារព័ត៌មាន CCTV របស់ចិន)