(ហ្សាការតា)៖ ភ្ញៀវទេសចរ​​​ជាង១,០០០នាក់ កំពុងត្រូវជម្លៀសខ្លួនចេញពី​ប្រជុំកោះ Gili នៃប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពី​គ្រោះរញ្ជួយដី​កម្រិតធ្ងន់៧.០រ៉ិចទ័រ បានវាយប្រហារ​ទៅលើកោះ Lombok នៅក្បែរនោះ ដែលបានផ្តាច់ជីវិត​មនុស្ស​៩១នាក់ និងបង្កឲ្យរបួស​រាប់​រយ​​នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែសីហា ឆ្នាំ២០១៨។

ប្រជុំកោះត្រូពិច Gili មានទីតាំងនៅចម្ងាយ​តែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះ ពីភាគពាយ័ព្យ​នៃកោះ Lombok ​ដែលសម្បូរដោយ​ភ្ញៀវទេសចរ​​ដើរផ្សងព្រេង​និងមុជទឹកកម្សាន្ត។ បើតាមអាជ្ញាធរទេសចរណ៍​ឥណ្ឌូណេស៊ី ​ភ្ញៀវទេសចរ ប្រមាណ១,២០០នាក់ ដែលភាគច្រើន​មក​ពី​បរទេស កំពុងស្ថិតនៅលើកោះ Gilis។

គួរជម្រាបថា គ្រោះរញ្ជួយដី​កាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ ក៏បានជះកម្លាំង​រំញ័រ​ដល់​កោះទេសចរណ៍​ Bali ដ៏ល្បី​ល្បាញ​ប្រចាំ​នៅ​អាស៊ីអាគ្នេយ៍ផងដែរ៕