(ប៉េកាំង)៖ ប្រទេសចិនបានឲ្យដឹងថា ខ្លួនទើបតែធ្វើតេស្ត​ដោយជោគជ័យ​លើ​យន្តហោះ​ប្រភេទ វេវរ៉ៃដឺ ស៊ូពើសូនិក (Waverider Hypersonic) ​ទីមួយ ដែលមាន​សមត្ថភាព​ហោះហើរដោយ​ខ្លួនឯង ព្រមទាំងអាចបំពាក់​ក្បាល​គ្រាប់នុយក្លេអ៊ែរ​បាន។ នេះបើតាម​ការដកស្រង់ការផ្សាយចេញ​ពីសារព័ត៌មានចិន Global Times នៅរសៀល​ថ្ងៃចន្ទ ទី០៦ ខែសីហា ឆ្នាំ២០១៨។

យន្តហោះខាងលើ​ដែលមាន​ឈ្មោះថា ហ្ស៊ីងកុងពីរ (Xingkong-2) ឬ Starry Sky-2 ត្រូវបានបាញ់​​បង្ហោះដោយគ្រាប់រ៉ុក្កែត ចេញពីទីតាំង​មួយ​នៅ​ភាគ​ពាយ័ព្យ​ប្រទេសចិន និងធ្វើតេស្តអស់​រយៈពេលប្រមាណ​១០នាទី។ នៅអំឡុងការហោះ​ហើរ​ដោយ​ខ្លួនឯង ក្រោយពីផ្តាច់ខ្លួន​​ចេញ​ពី​គ្រាប់រ៉ុក្កែត ដែលនាំវាឡើងទៅ​លើមេឃ Xingkong-2 ​បានធ្វើដំណើរឡើង​ទៅដល់​កម្ពស់ ៣០គីឡូម៉ែត្រ ក្នុងល្បឿ​ន​ Mach 5.5 ឬស្មើ​នឹង​៦,៧៣៧គីឡូម៉ែត្រ​ក្នុងមួយម៉ោង។

Waverider Hypersonic គឺជាយាន​ហោះហើរ​​មួយប្រភេទ ដែលមាន​សមត្ថភាពធ្វើដំណើរ​ក្នុងបរិយាកាសផែនដី ជាមួយល្បឿន​​ដ៏ល្បឿន​​តាមរយៈ​ការប្រើប្រាស់​​កម្លាំងរលក Shockwave ដែលបង្កើត​ឡើងចេញ​ការហោះហើរ​បែប Hypersonic Flight របស់វា​ជាមួយនឹង​ខ្យល់​។​ ល្បឿន Hypersonic ជា​ល្បឿនប្រភេទ Mach 5 ឬ ខ្ពស់ជាងនេះ ដែលលឿនជាងល្បឿ​នសំឡេង​ដល់​ទៅ ០៥ដង។

ក្រៅពីនេះ Xingkong ត្រូវគេ​អះអាងថា ​មានសមត្ថភាព​ផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ និងហោះឆ្លងកាត់​ប្រព័ន្ធខែលការពារ​មីស៊ីល​នានា ដែលកំពុង​ប្រើប្រាស់នៅ​លើ​ពិភពលោក ក៏ព្រោះតែវា​មានអានុភាព​ខ្លាំងជាងមីស៊ីល​ផ្លោង និងមីស៊ីលប្រដេញ​ធម្មតាៗ។

គួរជម្រាបថា ប្រទេសចិនបាន និងកំពុងតែធ្វើទំនើបកម្ម​​លើ​វិស័យយោធា​របស់ខ្លួន និងមានគោលដៅ​ក្លាយជាអ្នកផលិត​អាវុធ​ ដ៏មានមុខ​មានមាត់មួយ​នាពេលអនាគត។ ជាមួយគ្នានេះ ​​ក៏មានមើលឃើញ​ផងដែរថា ទីក្រុងប៉េកាំង​កំពុងមានមហិច្ឆតា​​អភិវឌ្ឍ​ន៍​កម្លាំងយោធា​​​​របស់ខ្លួន ឲ្យប្រហាក់ប្រហែល​នឹងសហរដ្ឋអាមេរិកព្រមទាំង​រុស្ស៊ី៕