(ភ្នំពេញ)៖ ក្នុងដំណើរការអស់រយៈពេល៣ខែកន្លងមកនេះ កម្មវិធីអប់រំយុវជនបេតិកភណ្ឌអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយនឹងអង្គការគាំពារកេរមរតក មជ្ឈមណ្ឌលយុវជនជាតិកម្ពុជា និងវិស័យឯកជន បានផ្លាស់ប្តូរឥរិយាបថ ផ្នត់គំនិត ក្តីស្រឡាញ់ដល់យុវជនស្ម័គ្រចិត្តក្នុងវិស័យនេះគួរឱ្យកត់សម្គាល់។

ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រាសាទបាតជុំ នាថ្ងៃទី០៦ សីហា ២០១៨ ដើម្បីរៀនអំពីការចុះបញ្ជីសារពើភណ្ឌវត្ថុបុរាណ និងរបៀបនៃការគូសប្លង់បាតប្រាសាទ លោក អ៊ុក សុធា នាយកមជ្ឈមណ្ឌលយុវជនជាតិកម្ពុជារបស់ក្រសួងអប់រំ យុជន និងកីឡា បានលើកឡើងថា ការងារអប់រំបេតិកភណ្ឌជាផ្នែកមួយដែលក្រសួងបានយកចិត្តទុកដាក់ដល់ក្មេងៗ ពិសេសនៅខេត្តសៀមរាបដែលជាតំបន់ទេសចរណ៍សម្បូរប្រាង្គប្រាសាទ។ គោលដៅ គឺដើម្បីតម្រង់ទិសសិក្សា និងផ្តល់ចំណេះដឹងបេតិកភណ្ឌវប្បធម៌ដល់ពួកគេ ឱ្យយល់ដឹងពីសម្បត្តិបេតិកភណ្ឌជាតិឱ្យចូលរួម និងយកចំណេះដឹងទៅបម្រើសេដ្ឋកិច្ចគ្រួសាររបស់ពួកគេនាអនាគត។ តាមការសង្កេតរបស់លោកកន្លងមក ការអប់រំនេះបានផ្លាស់ប្តូរឥរិយាបទរបស់ក្មេងៗពីការមិនដឹងអ្វីទាំងអស់មកជាដឹង ហើយស្រឡាញ់ចូលចិត្ត និងលះបង់ពេលវេលាដើម្បីចូលរួម ទោះបីជិតឆ្ងាយ និងមានការជំរុញពីមាតាបិតាពួកគេជាខ្លាំងផងដែរ។

លោក ខៀវ ច័ន្ទ គ្រូឧទ្ទេសនៃគម្រោងអប់រំបេតិកភណ្ឌរបស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា នៅក្នុងខែទី៣នេះ យើងបានបង្រៀនយុវសិស្សស្ម័គ្រចិត្តអំពីទ្រឹស្តី និងការអនុវត្តជាក់ស្តែងលើការចុះបញ្ជីសារពើភណ្ឌវត្ថុបុរាណ និងរបៀបនៃការគូសប្លង់បាតប្រាសាទ។ កិច្ចការនេះ ធ្វើឡើងដើម្បីបង្កើនចំណេះដឹងក្នុងការសង្កេត ការគូសប្លង់ កត់ត្រារបាយការណ៍យ៉ាងលម្អិតទៅលើអ្វីដែលពួកគេបានឃើញ និងចេះពីរបៀបវាស់វែងប្រាសាទឱ្យបានច្បាស់លាស់ ជាជំនួយក្នុងការសិក្សាស្រាវជ្រាវបានល្អប្រសើរ។

យុវជន ម៉ម ម៉ាច ជាសិស្សថ្នាក់ទី១១A នៃវិទ្យាល័យនគរធំ បានចាប់អារម្មណ៍ថា ក្រោយចូលជាយុវជនបេតិកភណ្ឌ គឺខ្លួនបានយល់ដឹងច្រើនមរតកវប្បធម៌ជាតិ ពិសេសការស្រាវជ្រាវដោយផ្ទាល់នៅតាមភូមិសាស្ត្រ មានប្រាសាទបន្ទាយក្តី និងឡតានី។ ក្រៅពីនោះក៏ចេះពីរបៀបសាកសួរព័ត៌មានក្នុងពិធីបុណ្យផ្សេងៗ ការចងក្រងព័ត៌មាន និងបានយល់ដឹងច្បាស់ពីពិធីបុណ្យ និងប្រវត្តិសាស្ត្រនៃប្រាសាទដែលធ្លាប់ដឹងពីមុនមិនសូវច្បាស់។

យុវតី គឹម នឹង មកពីវិទ្យាល័យនគរធំដែរនោះ បានឱ្យដឹងថា មូលហេតុដែលចូលជាយុវជនបេតិកភណ្ឌ គឺព្រោះចង់យល់ដឹងពីសម្បត្តិដូនតា និងពិធីផ្សេងៗដែលនៅសេសសល់ក្នុងតំបន់អង្គរ ហើយក៏ចង់ចេះចង់ដឹងខ្លួនឯងផង។ ក្នុងការសិក្សានេះ គឺមានការលំបាកបន្តិចពេលរៀនទ្រឹស្តី វាស្មុគ្រស្មាញ តែពេលអនុវត្តមិនជាលំបាកទេ។ បើប្រៀបធៀបកាលពីមុន និងក្រោយពេលចូលជាយុវជនបេតិកភណ្ឌ គឺប្លែកជាខ្លាំងសម្រាប់ប្អូន ព្រោះកាលពីមុនពេលចូលប្រាសាទ គឺមិនដឹងមើលអ្វីឡើយ ហើយក៏មិនស្គាល់ថាវត្ថុនៅក្នុងប្រាសាទគេធ្វើតំណាងឱ្យអ្វី ហើយពេលក្នុងភូមិស្រុកធ្វើពិធីបុណ្យអ្វីមួយក៏សូវចាប់អារម្មណ៍ដែរ តែពេលនេះទាំងពេលចូលប្រាសាទ និងមានពិធីបុណ្យក្នុងភូមិ គឺតែងតែចាប់អារម្មណ៍ថាមានអ្វីដែលសំខាន់ គេធ្វើដើម្បីអ្វី មានតាំងពីពេលណា វាសំខាន់បែបម៉េចក្នុងការរស់នៅ និងមនុស្សជាតិ៕