(ហ្សាការតា)៖ អាជ្ញាធរ​ឥណ្ឌូណេស៊ី​បានឲ្យដឹងថា ចំនួនអ្នកស្លាប់​បានកើនដល់ ៩១នាក់ហើយ ក្រោយគ្រោះ​រញ្ជួយដី​ដ៏ប្រល័យមួយបានវាយប្រហារលើកោះទេសចរណ៍​ដ៏ល្បី លុមបុក (Lombok) ស្ថិតនៅភាគ​កណ្តាលប្រទេសកាលពី​ថ្ងៃអាទិត្យ។ នេះបើតាម​ការចេញផ្សាយ​ដោយ​ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី០៦ ខែសីហា ឆ្នាំ២០១៨។

យោងតាមអាជ្ញាធរ​ឥណ្ឌូណេស៊ី​មនុស្ស ២០៩នាក់ ទៀតក៏បានរងរបួសផងដែរ ដោយសារគ្រោះ​រញ្ជួយកម្រិត ៧.០រ៉ិចទ័រនេះ ដែល​បានបំផ្លាញអគារ ផ្ដាច់ចរន្តអគ្គិសនី ហើយវាបានកើត​ឡើងតែមួយសប្ដាហ៍​ប៉ុណ្ណោះ បន្ទាប់ពីគ្រោះ​រញ្ជួយដីមួយផ្សេង​ទៀតបានផ្ដាច់​ជីវិតមនុស្ស ១៦នាក់ នៅលើកោះ​លុមបុក (Lombok) ដដែលនេះ។

គួរជម្រាបថា បើតាមទីភ្នាក់ងារ​ស្ទាបស្ទង់ភូមិសាស្រ្ត​អាមេរិក USGS គ្រោះរញ្ជួយផែនដី​ខាងលើ​មានឥទ្ធិពល ​៧.០​រ៉ិចទ័រ និងមានជម្រៅ​ ១០គីឡូម៉ែត្រ​ក្រោមផ្ទៃដី។ អំឡុងប៉ុន្មាន​សប្តាហ៍​ចុងក្រោយនេះ គេសង្កេត​ឃើញថា ភាគកណ្តាល​ប្រទេសឥណ្ឌូណេស៊ី បានទទួលរង​​គ្រោះពីរញ្ជួយដីយ៉ាង​ញឹកញាប់ ដោយកាលពីចុង​ខែកក្កដាកន្លងទៅ គ្រោះរញ្ជួយដីមួយ​កម្រិត​​ ៦.៤រ៉ិចទ័រ ដែលមាន​ជម្រៅត្រឹម ០៧គីឡូ​ម៉ែត្រ​​ប៉ុណ្ណោះនោះ បានវាយប្រហារ​លើ​កោះទេសចរណ៍នេះ និងបានផ្តាច់ជីវិតមនុស្ស​យ៉ាងតិច ១៦នាក់ និងបណ្តាលឲ្យ​រ​បួស​ជាង​​ ១៦០នាក់។

គ្រោះរញ្ជួយដី​​តែងកើត​មានឡើង​ជាញឹកញាប់ នៅប្រទេស​អាស៊ានមួយនេះ គឺដោយសារតែ​ឥណ្ឌូណេស៊ី មានទីតាំងភូមិសាស្រ្ត ស្ថិត​​នៅចំពីលើតំបន់ខ្សែ​ក្រវាត់ភ្នំភ្លើង​ ដែលគេហៅថា Pacific Ring of Fire ដែលមានសណ្ឋានដីងាយរងគ្រោះធម្មជាតិ​ខ្លាំងជាងគេ​លើផែនដីដូចជា រញ្ជួយដី បន្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិជាដើម៕