(ការ៉ាកាស់)៖ មន្រ្តីរដ្ឋាភិបាលវេណេស៊ុយអេឡា បានឲ្យដឹងថា ប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ បានទទួលរងការប៉ុនប៉ង​វាយ​ប្រហារ​ តាមរយៈឧបករណ៍ដ្រូន ដែលបំពាក់គ្រឿងផ្ទុះ នាអំឡុងពេលកំពុងថ្លែងសារ នៅក្នុងពិធីដង្ហែរក្បួនព្យុហយាត្រាមួយ នៅឯ​រដ្ឋ​ធានីការ៉ាកាស់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអាទិត្យ ទី០៥ ខែសីហា ឆ្នាំ២០១៨។

យ៉ាងណាមិញ ប្រភពដដែលបានបញ្ជាក់ថា ការប៉ុនប៉ងលើអាយុជីវិត​របស់​លោក​ប្រធានាធិបតីវេណេស៊ុយអេឡា ពុំទទួលបានជោគ​ជ័យឡើយ ហើយ​លោក ម៉ាឌូរ៉ូ ផ្ទាល់មិនបានរងគ្រោះថ្នាក់នោះទេ និងត្រូវបាន​កងការពារជម្លៀសខ្លួនចេញពីវេទិកាថ្លែងសារ​ជា​បន្ទាន់​ខណៈ​​កងទ័ពមួយចំនួន​​ ត្រូវគេរាយការណ៍ថាបានរងរបួស។​

​មានការអះអាងមួយចំនួនបានអះអាងថា ផែនការខាងលើបានទទួលបរាជ័យ គឺដោយសារប៉ូលិស​ការពារក្នុងតំបន់ បាន​បាញ់​ទម្លាក់​​ឧបករណ៍ដ្រូន​មួយគ្រឿង ដែលបានព្យាយាមវាយប្រហារមកលើកន្លែងកើតហេតុ ជាទីដែល​​មន្រ្តីរដ្ឋាភិបាលវេណេស៊ុយអេឡា រួមមាន​ទាំង​លោក នីកូឡាស់ ម៉ាឌូរ៉ូ មានវត្តមាន។ ជុំវិញរឿងនេះ លោក ម៉ាឌូរ៉ូ បានទម្លាក់កំហុសទៅលើ​ក្រុមស្តាំនិយមថា ជាអ្នកនៅពីក្រោយ​ខ្នង​​​។

គួរជម្រាបថា បើតាមសកម្មភាពក្នុងវីដេអូនៃព្រឹត្តិការណ៍ព្យុហយាត្រាខាងលើ បានបង្ហាញឲ្យឃើញថា លោកប្រធានាធិបតីវេណេស៊ុយ​អេឡា កំពុងតែ​ថ្លែងសុន្ទរកថាសុខៗ ស្រាប់តែ​លោក​និង​មន្រ្តីឯទៀត​ដែលឈរនៅក្បែរនោះ បានងើយមើលទៅលើ ស្របពេល​ដែល​អ្នកចូលរួមក្នុងពិធីព្យុហយាត្រា បានរត់យ៉ាងប្រសាចចេញពីកន្លែងកើតហេតុ៕