(វ៉ាស៊ីនតោន)៖ សារព័ត៌មានអាមេរិក​បានចេញផ្សាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ បានបញ្ជូនលិខិតមួយច្បាប់ តបទៅកាន់លិខិតដែលទើបផ្ញើមក​ដោយលោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង ខណៈដែលស្ថានការណ៍​ពេលនេះកំពុងតែក្តៅគគុក ដោយសាររបាយការណ៍បកអាក្រាតពីសកម្មភាពលួចលាក់​ល្មើសច្បាប់អន្តរជាតិ​របស់កូរ៉េខាងជើង ត្រូវបានបញ្ជូន​ទៅកាន់អង្គការសហប្រជាជាតិ​រួចទៅ​ហើយ។ នេះបើតាមការ​ចេញផ្សាយដោយ បណ្តាញព័ត៌មានទាន់ហេតុការណ៍ នាល្ងាចថ្ងៃសៅរ៍ ទី០៤ ខែសីហា ឆ្នាំ២០១៨។

សម្រាប់លិខិតមួយច្បាប់របស់លោក ត្រាំ នេះត្រូវបានបញ្ជូន​ទៅដល់ដៃរដ្ឋមន្ត្រីការ​បរទេស​កូរ៉េខាងជើង ដើម្បីនាំយក​ទៅជូនលោក គីម ជុងអ៊ុន។ ដោយឡែកនៅ​ក្នុងលិខិត​របស់លោក គីម ជុងអ៊ុន នោះគឺបានបញ្ជាក់​សាជាថ្មីឡើងវិញ អំពីការប្តេជ្ញាចិត្ត​ទាំងឡាយរបស់​​កូរ៉េខាងជើង នៅក្នុងការលុបបំបាត់​អាវុធនុយក្លេអ៊ែរ ចេញពីតំបន់​ឧបទ្វីបកូរ៉េ។

គួរបញ្ជាក់ថា បន្ទាប់ពីការ​ប្រកាស​ដោយ​សេតវិមាន លោក ដូណាល់ ត្រាំ ក៏បានសរសេរ​បង្ហោះនៅក្នុង Twitter របស់លោក​ផងដែរថា លោកបានទទួល​លិខិតមួយច្បាប់ ផ្ញើពីមេដឹកនាំកូរ៉េខាងជើង​លោក គីម ជុងអ៊ុន៕