(វ៉ាស៊ីនតោន)៖ មន្ទីរពិសោធន៍ JPL របស់អង្គការ និងនាយកផ្នែកគំរោងព័ត៌មានអំពី​នុយក្លេអ៊ែរ​សម្រាប់សហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក NIPFA បានបង្ហើបឲ្យដឹងថា អាចម៍ផ្កាយមួយដុំបានផ្ទុះយ៉ាងកក្រើក នៅពីលើមូលដ្ឋានទ័ព​អាកាសអាមេរិក ធូឡេ (Thule) ស្ថិតនៅលើ​កោះគ្រីនឡេនដ៍ (Greenland) ដែលជាកម្មសិទ្ធិ​របស់ដាណឺម៉ាក ជាប់ប៉ូលខាងជើង​ភពផែនដី។ នេះបើតាម​ការចេញផ្សាយ​ដោយ Sputnik នារសៀល​ថ្ងៃសៅរ៍ ទី០៤ ខែសីហា ឆ្នាំ២០១៨។

មូលដ្ឋានទ័ព​អាកាស Thule របស់អាមេរិក​ខាងលើនេះ គឺមានតួនាទីក្នុង​ការការពារដែន​អាកាសនៅក្នុងតំបន់​ភាគខាងជើងមហាសមុទ្រ​អាត្លង់ទិក ដែលជាតំបន់យុទ្ធសាស្ត្រដ៏​សំខាន់មួយដែរ​របស់សហរដ្ឋអាមេរិក។ ទោះបីជា JPL និង NIPFA បាន​រាយការណ៍ថា មានអាចម៍ផ្កាយបានផ្ទុះ​ក្នុងដែនអាកាស​មានកម្លាំងផ្ទុះ ២.១គីឡូតោន ពីលើ​មូលដ្ឋានទ័ព Thule ក៏ដោយ ក៏ផ្នែកបញ្ជាការ​ទូទៅរបស់​ Thule មិនទាន់អាច​​បញ្ចេញរបាយការណ៍​ណាមួយ​អំពីការអះអាងនេះ​នៅឡើយទេ។

ព័ត៌មានបន្ថែម​ទៀតឲ្យដឹងថា អាចម៍ផ្កាយ​ខាងលើនេះ​ត្រូវបានក្រុម​ជំនាញតាម​ដានវត្ថុអវកាស​​អាមេរិក​អះអាងថា បានផ្ទុះ​នៅរយៈកម្ពស់ ៤៣គីឡូម៉ែត្រ ពីលើមូលដ្ឋានទ័ព​អាកាស Thule នៅលើកោះ​ហ្គ្រីនឡេនដ៍។ ទោះបីជាបែប​នេះក្តី JPL និង NIPFA បាន​អះអាងថា ការចេញមុនប្រកាស​ជាមុននេះ គឺដើម្បីកុំឲ្យមាន​ការភ័ន្តច្រឡំថា វាជាការវាយប្រហារ​​ដំបូងពីសំណាក់​ប្រទេសរុស្ស៊ីនោះ ប៉ុន្តែនៅ​មូលដ្ឋានទ័ព​​អាកាសនេះ​ មានគ្រាប់បែកនុយក្លេអ៊ែរជិត ២,០០០គ្រាប់ ត្រូវបាន​ត្រៀមទុករួមជាស្រេចទៅហើយ និងអាចបាញ់​បានគ្រប់​ពេលវេលា។

គួរបញ្ជាក់ថា អាចម៍ផ្កាយ​ដែលបានផ្ទុះនៅក្នុងផ្ទៃ​អាកាសនោះ ត្រូវបាន​មន្ទីរពិសោធន៍​របស់អង្គការ NASA អះអាងថា បានធ្វើដំណើរ​យ៉ាងលឿនចូលមក​បរិយាកាសផែនដី​នៅក្នុង​ល្បឿន ២៤.៤គីឡូម៉ែត្រក្នុង​មួយវិនាទី ហើយក៏ត្រូវបញ្ចប់​ជីវិតនៅត្រង់​ចំណុចពីលើ​ផ្ទៃអាកាសនៃមូលដ្ឋានទ័ពអាកាសអាមេរិក Thule នោះ​តែម្តង។ សម្រាប់ទំហំ​នៃអាចម៍ផ្កាយ​នោះ គឺមិនទាន់មាន​ការបញ្ជាក់នោះ​ឡើយ៕