(យូអិន)៖ កូរ៉េខាងជើង​បាន ​និងកំពុងបង្កើនការលក់​ប្រេងដោយខុសច្បាស់​នៅឯសមុទ្រ ដោយរំលោភ​លើទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ (UN) ហើយមិនតែ​ប៉ុណ្ណោះរបបដឹកនាំ​កុម្មុយនិស្ដនេះ ថែមទាំងបាន​ជួលឈ្មួញកណ្ដាល​ស៊ីរីម្នាក់​ឱ្យជួយលក់អាវុធ​របស់ខ្លួនទៅ​កាន់ប្រទេស​យ៉េមែន និងលីប៊ី​ទៀតផង។ នេះបើតាម​របាយការណ៍​ UN ដកស្រង់ដោយ​សារព័ត៌មាន​ Channel News Asia នៅ​រសៀលថ្ងៃសៅរ៍ ទី០៤ ខែសីហា ឆ្នាំ២០១៨។

នៅក្នុងរបាយការណ៍​មានកម្រាស់ ៦២ទំព័រ ដែលផ្ញើទៅកាន់ក្រុមប្រឹក្សា​សន្តិសុខ​ UN នៅថ្ងៃសុក្រ​សប្ដាហ៍នេះ​ ក្រុមអ្នក​ជំនាញUN ក៏បានអះអាង​ដែរថា ទីក្រុងព្យុងយ៉ាង បានរំលោភលើ​ទណ្ឌកម្ម UN ជាច្រើនទៀត ក្នុងនោះរួមមាន​ការនាំចេញធ្យូងថ្ម ដែក អាហារសមុទ្រ និងផលិតផល​ជាប់បម្រាមដទៃទៀត ដែលបានរកប្រាក់ចំណូល​ឱ្យរបបដឹកនាំ​លោក គីម ជុងអ៊ុន រាប់​លានដុល្លារ។

គួរជម្រាបជូនដែរថា ឈ្មួញកណ្ដាល​ស៊ីរីម្នាក់ដែលកូរ៉េខាងជើង​ ជួលឱ្យជួយលក់អាវុធ​ទៅកាន់​ប្រទេសលីប៊ី និងយ៉េមែន​ត្រូវបានគេ​កំណត់អត្តសញ្ញាណ​ឈ្មោះថា ហ៊ូស្សេន អាល់អាលី (Hussein Al-Ali)។ បន្ថែមពី​លើនេះ​យោងតាមរបាយការណ៍​ខាងលើដដែល កូរ៉េខាងជើង​នៅតែ បន្តលួចលាក់អភិវឌ្ឍន៍​បច្ចេកវិទ្យាមីស៊ីល​ឆ្លងទ្វីប និងអាវុធនុយក្លេអ៊ែរ​របស់ខ្លួន បើទោះជាបាន​សន្យាថា នឹងបញ្ឈប់​កម្មវិធីទាំងនេះ​ក៏ដោយ៕ ​ ​