(វ៉ាស៊ីនតោន)៖ ក្រុមអង្គការ​ភេរវករអន្តរជាតិថ្មីមួយទៀត ដែលទំនង​ដូចជា​ពួក ISIS អាចនឹងលេច​រូបរាងនៅក្នុង​ប្រទេសអ៊ីរ៉ាក់ បើសិនជា​ប្រទេសមួយនេះ​មិនព្រមធ្វើកំណែ​ទម្រង់សង្គម និងនយោបាយ​ទេនោះ។ នេះបើតាម​លោក ឌួក្លាស ផេដហ្គេត (Douglas Padgett) ដកស្រង់​ដោយសារព័ត៌មាន​​ Sputnik នៅរសៀលថ្ងៃសៅរ៍ ទី០៤ ខែសីហា ឆ្នាំ២០១៨។

ថ្លែងនៅ​ឯវិទ្យាសា្ថន ហ៊ូដសុន (Hudson Institute) ក្នុងទីក្រុង​វ៉ាស៊ីនតោន​ឌីស៊ី នៅថ្ងៃសុក្រ​សប្ដាហ៍នេះ លោក Douglas Padgett ដែលជា​ទីប្រឹក្សា​ជាន់ខ្ពស់ក្រសួង​ការបរទេសអាមេរិក បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ច្បាស់​ណាស់​យើង​បានបង្ក្រាបពួក​ ISIS ប៉ុន្តែជាថ្មីម្ដង​ទៀត លក្ខខណ្ឌនយោបាយ លក្ខខណ្ឌសង្គម លក្ខខណ្ឌវប្បធម៌ កង្វះខាតការទទួលខុសត្រូវ ព្រមទាំងកង្វះខាតការផ្សះផ្សាជាតិក្នុងបច្ចុប្បន្ននៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ អាចនឹងធ្វើឱ្យក្រុម​អង្គការភេរវករ​អន្តរជាតិថ្មី​មួយទៀត ដែលទំនង​ដូចជា​ពួក ISIS នឹងលេចរូបរាងនៅ​ក្នុងប្រទេស​អ៊ីរ៉ាក់ បើសិនជា​ប្រទេសមួយនេះ​មិនព្រមធ្វើកំណែ​ទម្រង់​ទេនោះ»

គួររំលឹកថា សហរដ្ឋអាមេរិក​បានដឹកប្រជាធិបតេយ្យ​រាប់ម៉ឺនតោន​ ទៅទម្លាក់​ប្រទេស​អ៊ីរ៉ាក់ តាមរយៈការ​ឈ្លានពានផ្ដួល​រំលំរបបដឹកនាំផ្ដាច់ការ​ សាដាម ហូសេន កាលពី​ឆ្នាំ២០០៣។ ប៉ុន្តែ​ក្រោយ របបដឹកនាំនេះ​ដួលរលំ ទីក្រុងវ៉ាស៊ីនតោន​បែរជាបរាជ័យ​ក្នុងការ រៀបចំសណ្ដាប់ធ្នាប់​ឡើងវិញ​ឱ្យប្រជាជន​អ៊ីរ៉ាក់ ខណៈ​សកម្មភាព​ឧទ្ទាម និងអំពើហិង្សា​ចេះតែកើតមាន​ជាបន្តបន្ទាប់ រហូតមកទល់ពេល​បច្ចុប្បន្ន​បើទោះជា​ ISIS ដួលរលំក៏ដោយ៕