(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បានព្រមាន​សមភាគីអ៊ីរ៉ង់លោក ហាសាន់ រូហានី ជាបន្តបន្ទាប់​ពីគ្រោះ​មហន្តរាយនៃ​សង្រ្គាម ហើយលោកក៏បានផ្ដាំផង​ដែរឱ្យអ៊ីរ៉ង់បញ្ឈប់ការព្រមាន​លើសហរដ្ឋអាមេរិក បើសិនជារដ្ឋអ៊ីស្លាមមួយនេះចង់​សុខខ្លួន។ ប៉ុន្តែសង្រ្គាមពាក្យ​សម្ដីរបៀបនេះ​ លោក ត្រាំ ក៏ធ្លាប់បាន​ប្រើជាយុទ្ធសាស្ត្រលើ​កូរ៉េខាងជើងផងដែរ រហូតដល់​លោក គីម ជុងអ៊ុន ព្រមចូលរួម​ក្នុងកិច្ច​ប្រជុំកំពូលនៅសិង្ហបុរី កាលពីខែមិថុនា។

* អ្វីទៅជាគោលបំណង​នៅពីក្រោយសង្រ្គាមពាក្យ​សម្ដីរបស់លោក ត្រាំ?

មួយរយៈពេលចុង​ក្រោយនេះ​លោក ដូណាល់ ត្រាំ បានបង្កើនសង្រ្គាម​ពាក្យសម្ដីកាន់តែខ្លាំង​ដាក់អ៊ីរ៉ង់ ក្នុងនោះរួមមាន​ទាំងពាក្យ​ដៀមដាម និងគំរាមកំហែង រហូតដល់មាន​សេចក្ដីរាយការណ៍​ខ្លះថា ប្រធានាធិបតីរូបនេះ អាចនឹងបញ្ជា​ឱ្យកងទ័ពអាមេរិក​បើកការ វាយប្រហារ​លើទីតាំងនុយក្លេអ៊ែរ​របស់អ៊ីរ៉ង់នៅក្នុង​ខែសីហានេះ ទៀតផង។

តែទោះជា​យ៉ាងនេះក្ដី អ្នកជំនាញខ្លះ​មើលឃើញថា ចេតនាពិតប្រាកដ​របស់លោក ត្រាំ គឺមិនមែនចង់ធ្វើ​សង្រ្គាមជាមួយអ៊ីរ៉ង់នោះទេ ពោលគឺគ្រាន់​តែចង់ប្រើប្រាស់​យុទ្ធសាស្ត្រ​ប្រឈមមុខ​ដាក់គ្នាដោយសម្តី ដើម្បីខ្ចីដៃប្រជាជនអ៊ីរ៉ង់​ឱ្យធ្វើការបះបោរ (ល្បិចខ្ចីកាំបិតសម្លាប់មនុស្ស) ​ប្រឆាំងនឹងរដ្ឋាភិបាល​ទីក្រុងតេហេរ៉ង់​តែប៉ុណ្ណោះ។

យុទ្ធសាស្ត្រាបែបនេះ គឺជាយុទ្ធសាស្ត្រ​ដ៏ពេញនិយម​ ដែលទីក្រុងវ៉ាស៊ីនតោន​ធ្លាប់បានប្រើប្រាស់​នៅក្នុងប្រទេស​លីប៊ី និងស៊ីរីផងដែរ។ ដំបូងដៃ សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្ម និងក្រោយមក​គឺគំរាមកំហែង សំដៅបង្កចលាចល​នៅក្នុងប្រទេស​ទាំងនេះ ដើម្បី ញុះឱ្យក្រុមអ្នកប្រឆាំង​នឹងរដ្ឋាភិបាលងើប​ឡើងបះបោរ ហើយចុងក្រោយ​ទើបសហរដ្ឋអាមេរិក​ ចាប់ផ្ដើមលូកដៃចូលក្នុង​កិច្ចការផ្ទៃ ក្នុងប្រទេសទាំងនេះ​ដោយសំអាងលើការ​ការពារប្រជាធិបតេយ្យ និងសិទ្ធិ​មនុស្ស។

គួរបញ្ជាក់ថា បច្ចុប្បន្នសហរដ្ឋអាមេរិក​កំពុងពិចារណាដាក់ទណ្ឌកម្ម​សេដ្ឋកិច្ចជាថី្មប្រឆាំង​នឹងអ៊ីរ៉ង់ ក្រោយ​ប្រកាសដក​ខ្លួនចេញពី កិច្ចព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់​ឆ្នាំ២០១៥។ ចំណែកឯ​សេដ្ឋកិច្ចអ៊ីរ៉ង់ក៏កំពុង​ជួបបញ្ហាផងដែរ ស្របពេលមាន​បាតុកម្មប្រឆាំង​នឹង​រដ្ឋាភិបាលតេហេរ៉ង់​ កាលពីពេលថ្មីនេះ រហូតដល់ទីប្រឹក្សា​សន្តិសុខជាតិ​អាមេរិក លោក ចន បូលតុន (John bolton) ហ៊ាននិយាយ ថានឹងមានការផ្លាស់​ប្ដូររបបដឹកនាំអ៊ីរ៉ង់​សព្វថ្ងៃ​ទៀតផង​ ក្នុងពេលឆាប់នេះៗ។

ក៏ប៉ុន្តែ​ការផ្លាស់ប្ដូររបបដឹកនាំអ៊ីរ៉ង់ ដោយអន្តរាគមន៍​យោធាអាមេរិក​នាពេលអនាគតដ៏ខ្លី ត្រូវបានគេមើលឃើញ​ថា មានភាគរយតិចណាស់ ដ្បិតអ៊ីរ៉ង់មានរុស្ស៊ី​នៅកាងនៅពីក្រោយ ហើយអាមេរិក​ក៏ដឹងដែរថា ការធ្វើសង្រ្គាមជាមួយ​អ៊ីរ៉ង់នឹងបង្កជាការ​ខូចខាតធ្ងន់ធ្ងរ ក៏ដូចជាអាចនឹង​បង្កទៅជាសង្រ្គាម​ នៅក្នុងតំបន់​ទាំងមូលទៀតផង៕

ប្រភព៖ Al Jazeera