​(សិង្ហបុរី)៖ រដ្ឋមន្ត្រី​ការបរទេស​តួកគី​លោក ម៉េវលុត ខាវីសូគ្លូ (Mevlut Cavusoglu) បាននិយាយថា ការដាក់ទណ្ឌកម្ម​របស់សហរដ្ឋអាមេរិក​ប្រឆាំង​នឹងប្រទេសរបស់​លោក​ នឹងមិនមានប្រយោជន៍អ្វី​ឡើយ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន​ប្រកាសដាក់ទណ្ឌកម្មលើ​រដ្ឋមន្ត្រីយុត្តិធម៌ និងរដ្ឋមន្ត្រីមហាផ្ទៃ​តួកគី ជុំវិញការឃុំខ្លួនជនជាតិ​អាមេរិកម្នាក់​ឈ្មោះ អាន់ឌ្រូ ប្រាន់សុន (Andrew Brunson)។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី០៣ ខែសីហា ឆ្នាំ២០១៨។

លោក Cavusoglu ធ្វើការកត់​សម្គាល់បែបនេះ​ នៅក្នុងជំនួប​ជាមួយរដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ម៉ៃក៍ ប៉ុមប៉េអូ ក្នុងប្រទេស​សិង្ហបុរី នៅថ្ងៃសុក្រនេះ​ជាទីដែលអ្នកទំាងពីរ​បានព្រមព្រៀងគ្នាថា នឹងធ្វើការងាររួមគ្នា​ដើម្បីដោះស្រាយ​ជម្លោះ​បច្ចុប្បន្ន។ លោក Cavusoglu បានលើកឡើង​នាឱកាសនោះ​ដូច្នេះថា «យើងធ្លាប់បាន​និយាយជាច្រើន​លើករួចមកហើយ​ថា ការប្រើប្រាស់​ភាសា គំរាមកំហែង និងការដាក់ទណ្ឌកម្ម​ដាក់គ្នាទៅវិញទៅមក​នឹងមានប្រយោជន៍​អ្វីទាំង​អស់»

គួរបញ្ជាក់ថា ភាពតានតឹង​រវាងតួកគី និងសហរដ្ឋអាមេរិក​បានផ្ទុះឡើង​ជាថ្មី បន្ទាប់ពីអាជ្ញាធរ​តួកគីបន្ត​ឃុំខ្លួន​ លោកឪគ្រិស្ដសាសនា​អាមេរិក​លោក Andrew Brunson ដោយចោទថា លោកមានជាប់ពាក់ព័ន្ធ​នឹងសកម្មភាពធ្វើ​រដ្ឋប្រហារមិនបាន​សម្រេច ក្នុងប្រទេស​តួកគីកាលពី​ឆ្នាំ២០១៦៕