​(ហាណូយ)៖ ជនជាតិអាមេរិក​ដើមកំណើត​វៀតណាមម្នាក់ ត្រូវបានអាជ្ញាធរ​ទីក្រុងហាណូយ ចាប់ខ្លួនសម្រាប់​ការព្យាយាមផ្ដួលរំលំ​រដ្ឋាភិបាល​កុម្មុយនិស្ដវៀតណាម ហើយនេះគឺជាការចាប់ខ្លួន​ពលរដ្ឋអាមេរិកទី ២ ក្រោមហេតុផល​នយោបាយ។ នេះបើតាម​សមាជិកសភា​អាមេរិក​លោកស្រី មីមី វ៉លធើស៍ (Mimi Walters) ដកស្រង់ដោយ​សារព័ត៌មានបារាំង Le Figaro នៅរសៀលថ្ងៃសុក្រ ទី០៣ ខែសីហា ឆ្នាំ២០១៨។

លោកស្រី Mimi Walters តំណាងរាស្ត្របក្ស​សាធារណៈរដ្ឋ​បានទទួលស្គាល់ថា លោក ម៉ៃឃើល ង្វៀន (Michael Nguyen) មានអាយុ ៥៤ឆ្នាំ និងមាន​កូន ០៤នាក់ កំពុងជាប់​ឃុំក្នុងពន្ធនាគារ​ទីក្រុង Ho Chi Minh ហើយការ​អះអាងនេះ​ធ្វើឡើង ដោយផ្អែកលើ​គ្រួសារសាច់​ញាតិរបស់​លោក Nguyen។ លោក Nguyen ត្រូវបានអាជ្ញាធរ​វៀតណាមចាប់ខ្លួន​កាលពី​ថ្ងៃទី០៧ ខែកក្កដា ខណៈ​លោកធ្វើ​ដំណើរទៅកាន់ភាគ​ខាងត្បូងប្រទេស​វៀតណាម អមដំណើរ​ដោយសកម្មជនវៀតណាម​បីរូបផ្សេង​ទៀត។
ក៏ប៉ុន្តែ​ព្រមពេល​ជាមួយគ្នា ក្រុមគ្រួសារសាច់​ញាតិរបស់លោក បានច្រានចោល​ការចោទក្រាន់របស់​អាជ្ញាធរទីក្រុង​ហាណូយ​ដោយបញ្ជាក់ថា​ លោក Nguyen មិនបានចូលរួម​សកម្មភាពនយោបាយ​អ្វីទាំងអស់ ខណៈមិនទាន់​មានការចោទ​ប្រកាន់ជាផ្លូវការ​ណា ប្រឆាំងនឹងរូបលោក​នៅឡើយ​ទេ។

គួររំលឹកថា កាលពីខែមិថុនា​កន្លងទៅ ជនជាតិអាមេរិកដើម​កំណើតវៀតណាម​ម្នាក់ទៀត ឈ្មោះ វាល ង្វៀន (Will Nguyen) ក៏ត្រូវបាន​អាជ្ញាធរ​វៀតណាម​ចាប់ខ្លួនពីបទបង្កចលាចល​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ បន្ទាប់ពីលោក​បានចូលរួមជា​មួយក្រុមបាតុករ​ក្នុងបាតុកម្ម តវ៉ាប្រឆាំងនឹង​សេចក្ដីព្រាងច្បាប់​ដ៏ចម្រូងចម្រាស់​ ស្ដីពីការបង្កើតតំបន់​សេដ្ឋកិច្ចពិសេស​មួយ។ លោក Will Nguyen ត្រូវបាន​បណ្ដេញត្រឡប់​ទៅសហរដ្ឋអាមេរិក កាលពីខែកក្កដា​កន្លង​ទៅនេះ៕