(ចិន)៖ កិច្ចខិតខំប្រឹងប្រែង ដែលធ្វើដោយរដ្ឋាភិបាលចិន ដើម្បីលើកស្ទួយដល់ការប្រើប្រាស់ទំនិញ បានជំរុញយ៉ាងខ្លាំង ដល់ការចាយវាយទៅលើគ្រឿងឧបភោគ និងបរិភោគ នៅតាមទីប្រជុំជននិងទីជនបទ។ កត្តានេះក៏បានជំរុញដល់កំណើនសេដ្ឋកិច្ចចិនផងដែរ។

ក្នុងចំណោមកិច្ចខិតខំប្រឹងប្រែង ដែលត្រូវបានធ្វើឡើងទាំងអស់ ការលើកស្ទួយដល់សេវាកម្មដឹកជញ្ជូន រួមបញ្ចូលទាំងសង្វាក់ដឹកជញ្ជូនត្រជាក់ផងដែរ បានផ្តល់នូវការដឹកជញ្ជូនដែលមានភាពងាយស្រួលជាងមុន ដែលនាំឱ្យផលិតផលកសិកម្ម មានគេទិញកាន់តែច្រើន។

លោក ម៉ូ ជាហុង នាយករង មជ្ឈមណ្ឌលដឹកជញ្ជូនទំនិញ ណាន ឃុន (Nankun) និយាយថា «ដោយចាប់ផ្តើមក្នុងឆ្នាំនេះ ពួកយើងបានដាក់ឲ្យប្រើប្រាស់រថភ្លើងដឹកទំនិញត្រជាក់ចំនួន៨គ្រឿង ដែលធ្វើដំណើរឆ្ពោះទៅស្ថានីយ៍ តូហុងមឹន (Dohongmen) ក្នុងទីក្រុងប៉េកាំង សម្រាប់ដឹកបន្លែនិងផ្លែឈើផ្សេងៗ។ គិតមកដល់ឥឡូវ យើងបានដឹកចំនួន១៣០ជើងទៅហើយ ដោយបានដឹកផលិតផលចំនួន១២០០តោន»

ការអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូន ក៏បានលើកស្ទួយដល់ការទិញផលិតផលកសិកម្ម តាមអនឡាញផងដែរ។ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៨នេះ មានទំនិញចំនួន៤៤០០លានកេស ត្រូវបានទទួល ឬត្រូវបានដឹកជញ្ជូននៅតាមទីជនបទ ដោយការលក់រាយផលិតផលកសិកម្ម តាមអនឡាញ មានចំនួន១៣ពាន់លានដុល្លារសហរដ្ឋអាមេរិក កើនឡើង៣៩.៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក ហ៊ូ ខៃ អ្នកស្រាវជ្រាវ នៅមជ្ឈមណ្ឌលអភិវឌ្ឈន៍និងស្រាវជ្រាវ នៃការិយាល័យប្រៃសណីយ៍ជាតិចិន បានថ្លែងថា «ក្នុងអំឡុងពេលដែលអតិថិជនក្នុងទីក្រុងកំពុងតែសប្បាយរីករាយជាមួយនឹងម្ហូបអាហារស្រស់ៗបានកាន់តែច្រើនមុខនិងកាន់តែឆ្ងាញ់ ប្រាក់ចំណូលរបស់កសិករយើង ក៏បានកើនឡើងដែរ»

ទិន្នន័យពីការិយាល័យស្ថិតិជាតិចិនបានបង្ហាញថា ការលក់រាយសរុបនូវគ្រឿងឧបភោគបរិភោគក្នុងប្រទេសចិន មានចំនួនប្រហែល ២លាន៦សែនលានដុល្លារសហរដ្ឋអាមេរិក ក្នុងឆមាសទីមួយឆ្នាំ២០១៨នេះ។ ពោលគឺកើនឡើង ៩.៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ វិស័យប្រើប្រាស់ទំនិញ ក៏បានក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លាចំពោះកំណើនសេដ្ឋកិច្ច របស់ប្រទេសចិនផងដែរ ដោយការចំណាយលើគ្រឿងឧបភោគបរិភោគចុងក្រោយ បានរួមចំណែករហូតដល់ ៧៨.៥% នៃកំណើនសេដ្ឋកិច្ចជាតិចិននៅក្នុងឆមាសទីមួយនៃឆ្នាំ២០១៨នេះ៕ (សារព័ត៌មាន CCTV របស់ចិន)